ប្រមុខការទូតប៉ាគីស្ថាន ទទូចឱ្យសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បន្តអនុវត្តតាមបទឈប់បាញ់ (Video inside)

12-04-2026 11:57

(អ៉ីស្លាម៉ាបាដ)៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បាននិយាយថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ត្រូវតែបន្តអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ បន្ទាប់ពី កិច្ចចរចារាប់ម៉ោងរវាងភាគីទាំង២ ដើម្បីបិទបញ្ចប់សង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា បានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់បែបនេះរបស់លោក Ishaq Dar ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋប៉ាគីស្ថាន នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦។ ប្រមុខការទូតប៉ាគីស្ថានបានគូសបញ្ជាក់ដូច្នេះថា «វាការសំខាន់បំផុតដែលភាគីទាំងអស់ត្រូវតែប្រកាន់ខ្ជាប់ការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះបទឈប់បាញ់»។ លោកបន្តថា ប៉ាគីស្ថាននឹងបន្តដើរតួនាទីក្នុងការសម្របសម្រួលការទំនាក់ទំនង និងកិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់នៅប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ថា អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាមិនមានកិច្ចព្រមព្រៀងណាមួយជាមួយអ៉ីរ៉ង់នោះទេ បន្ទាប់ពីកិច្ចចរចាចាយពេល ២១ម៉ោង ក្នុងប្រទេសប៉ាគីស្ថាន ដ្បិតអ៉ីរ៉ង់មិនទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកថានឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ចំណែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់វិញ បានបន្ទោសថា ការទាមទារគ្មានហេតុផលរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យកិច្ចចរចា ក្នុងទីក្រុងអ៉ីស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន បរាជ័យដោយបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបិទបញ្ចប់សង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា៕