ហ្វីលីពីនបញ្ជាក់ថា កិច្ចព្រមព្រៀងថាមពលជាមួយចិន ត្រូវតែគោរពតាមអធិបតេយ្យភាពរបស់ខ្លួន
12-04-2026 19:57
(ម៉ានីល)៖ នាថ្ងៃអាទិត្យនេះ ប្រទេសហ្វីលីពីនបានប្រកាសថា រាល់សេចក្តីសម្រេចក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័នជាមួយប្រទេសចិន នឹងត្រូវធ្វើឡើងដោយអនុលោមតាមរដ្ឋធម្មនុញ្ញ និងគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការបញ្ជាក់ជំហរនេះ ធ្វើឡើងបន្ទាប់ពីមានការជជែកវែកញែកជាសាធារណៈជុំវិញសំណើក្នុងការបើកកិច្ចពិភាក្សាឡើងវិញរវាងប្រទេសទាំងពីរ លើកិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង ដែលជាតំបន់ជម្លោះដែនទឹកដ៏រ៉ាំរ៉ៃ។
គួរបញ្ជាក់ថា កាលពីចុងខែមុន ហ្វីលីពីន និងចិនបានបន្តកិច្ចពិភាក្សាឡើងវិញជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដោយស្វែងរកជំហានដំបូងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការថាមពល ដើម្បីដោះស្រាយបញ្ហាការផ្គត់ផ្គង់ថាមពល និងជីកសិកម្ម ដែលកំពុងរងផលប៉ះពាល់ដោយសារជម្លោះនៅមជ្ឈិមបូព៌ា។ ជុំវិញបញ្ហានេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ក៏ធ្លាប់បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការពង្រឹងសន្តិសុខថាមពល និងធានាឱ្យបាននូវការផ្គត់ផ្គង់ដែលមានតម្លៃសមរម្យ និងមានស្ថិរភាពផងដែរ៕




