មន្ត្រីជាន់ខ្ពស់បញ្ជាក់ថា អ៊ីរ៉ង់គ្រោងស្តារសមត្ថភាពចម្រាញ់ប្រេងភាគច្រើនឡើងវិញ ក្នុងរយៈពេលពីរខែ
12-04-2026 19:58
(ឌូបៃ)៖ មន្ត្រីជាន់ខ្ពស់ផ្នែកប្រេងរបស់ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនរំពឹងថានឹងអាចស្តាររោងចក្រចម្រាញ់ និងចែកចាយប្រេងដែលរងការខូចខាតឱ្យបានពី ៧០ ទៅ ៨០ភាគរយនៃសមត្ថភាពដើមឡើងវិញ ក្នុងរយៈពេលពីមួយទៅពីរខែខាងមុខ ខណៈអាជ្ញាធរកំពុងប្រឹងប្រែងជួសជុលបន្ទាប់ពីរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អនុរដ្ឋមន្ត្រីក្រសួងប្រេងអ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ សាដែក អាស៊ីមីហ្វា (Mohammad Sadeq Azimifar) បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការជួសជុលរោងចក្រនានាបាននិងកំពុងចាប់ផ្តើមបណ្តើរៗហើយ។ លោកបានបញ្ជាក់បន្ថែមថា ផ្នែកខ្លះនៃរោងចក្រចម្រាញ់ប្រេងឡាវ៉ាន់ (Lavan) ត្រូវបានគេរំពឹងថានឹងអាចបើកដំណើរការឡើងវិញក្នុងរយៈពេលប្រមាណ ១០ថ្ងៃទៀត ខណៈដែលរោងចក្រ និងផ្នែកផ្សេងៗទៀតនឹងត្រូវដាក់ឱ្យដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ៕




