រុស្ស៉ី-អ៊ុយក្រែន ចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់ Easter (Video inside)
13-04-2026 09:34
(កៀវ,មូស្គូ)៖ រុស្ស៉ី និងអ៊ុយក្រែន បានចោទក្រាន់គ្នាទៅវិញទៅមក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ថាបានបំពានបទឈប់បាញរយៈពេល ៣២ម៉ោងដែលត្រូវបានដាក់ចេញអំឡុងពេលនៃពិធីបុណ្យ Easter ដោយរាយការណ៍ពីការវាយប្រហារជាមួយនិងដ្រូន ក៏ដូចជាការបាញ់ផ្លោង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦។
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបទឈប់បាញ់ Orthodox Easter ជាបណ្តោះអាសន្ននៅថ្ងៃទី៩ ខែមេសា។ ក្រោយមកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឯកភាពចំពោះបទឈប់បាញ់នេះ។
ក្រសួងការពារជាតិរុស្ស៉ី អះអាងថាបានកត់ត្រាពីការបំពានបទឈប់បាញ់ជាង ១ពាន់លេីកពេញមួយយប់ថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ។ យោធាអ៊ុយក្រែន ក៏បានឱ្យដឹងថាមានការបំពានរបស់រុស្ស៉ីជាង ៧ពាន់លេីកអំឡុងពេលនៃបទឈប់បាញ់។
យោងតាមប្រតិទិននៃជំនឿគ្រិស្ត Orthodox ដែលមានឥទ្ធិពលនៅក្នុងប្រទេសទាំងពីរ ឆ្នាំនេះពិធីបុណ្យ Easter ត្រូវបានប្រារព្ធនៅថ្ងៃអាទិត្យ។ តែភាគីទាំងពីរបានបន្តរាយការណ៍ពីអ្វីដែលពួកគេពិពណ៌នាថាជាការបំពានបទឈប់បាញ់ដែលចាប់ផ្តេីមកាលពីថ្ងៃសៅរ៍។
យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍អំពីសកម្មភាពយោធាបានទេ៕







