នាយករដ្ឋមន្រ្តីអេស្ប៉ាញ ទៅទស្សនកិច្ចនៅប្រទេសចិន ជាលេីកទី៤ (Video inside)
13-04-2026 10:30
(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្ត្រីអេស្បាញ លោក Pedro Sanchez ចាប់ផ្តើមដំណើរទស្សនកិច្ចលើកទី ៤ទៅកាន់ប្រទេសចិនក្នុងរយៈពេលច្រើនឆ្នាំ នាថ្ងៃចន្ទនេះ ដែលសបញ្ជាក់ឱ្យឃេីញពីការប្តេជ្ញាចិត្តរបស់លោកក្នុងការដឹកនាំតាមរបៀបឯករាជ្យមួយ ដែលធ្លាប់ត្រូវបានប្រធានាធិបតីអារិក លោក ដូណាល់ ត្រាំ រិះគន់ជាខ្លាំង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦។
លេីកនេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងស្វាគមន៍លោក Sanchez និងភរិយា ដោយពិធីជប់លៀងផ្លូវការមួយ ខណៈដែលលោកនឹងជួបនាយករដ្ឋមន្ត្រីចិន លោក Li Qiang រួមទាំងសមាជិកសភាកំពូល លោក Zhao Leji អំឡុងទស្សនកិច្ចរយៈពេល ៣ថ្ងៃ។
នៅថ្ងៃទីមួយ លោក Sanchez នឹងទៅទស្សនាទីស្នាក់ការកណ្តាលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Xiaomi និងធ្វើជាម្ចាស់ផ្ទះវេទិកាមួយសម្រាប់ក្រុមហ៊ុនថាមពល ហេដ្ឋារចនាសម្ព័ន្ធ ជីវវិទ្យា និងបច្ចេកវិទ្យារបស់អេស្ប៉ាញ និងចិន។ លោកក៏ នឹងជួបក្រុមអ្នក ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ហេីយថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Tsinghua របស់ទីក្រុងប៉េកាំងផងដែរ។
ទីក្រុងម៉ាឌ្រីដ សង្ឃឹមថាទស្សនកិច្ចនេះនឹងជួយបង្រួមឱនភាពពាណិជ្ជកម្មដែលបានកើនឡើងទ្វេដងក្នុងរយៈពេល ៤ឆ្នាំមកនេះ ដោយសម្លឹងរកការជំរុញការនាំចេញផលិតផលកសិកម្ម និងផលិតកម្មដើម្បីទូទាត់បរិមាណខ្ពស់នៃការនាំចូលរបស់ចិន។
គួរបញ្ជាក់ថា អេស្បាញគឺជាប្រទេសដែលគាំទ្រខ្លាំងឱ្យអឺរ៉ុបពង្រីកពាណិជ្ជកម្ម និងចាត់ទុកចិនជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ជាជាងគូប្រជែងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលផ្ទុយពីការយល់ឃេីញរបស់លោក ត្រាំ។ ក្រុមហ៊ុនចិនមានការវិនិយោគគិតជាទឹកប្រាក់ ៦៤៣លានអឺរ៉ូនៅអេស្ប៉ាញក្នុងឆ្នាំ២០២៥ ដែលជាតួលេខមួយនៃកំណេីន ហេីយជាចម្បងនៅក្នុងឧស្សាហកម្មរ៉ែ និងថាមពល៕




