ហ្វីលីពីន អាមេរិក និងអូស្រ្តាលី រួមគ្នាធ្វើសមយុទ្ធយោធាជាលើកទី២ក្នុងឆ្នាំនេះ នៅសមុទ្រចិនខាងត្បូង (Video inside)
13-04-2026 13:39
(ម៉ានីល)៖ សហរដ្ឋអាមេរិកនិងអូស្រ្តាលី បានចូលរួមជាមួយហ្វីលីពីន សម្រាប់ការធ្វើសមយុទ្ធយោធាដែនសមុទ្ររួមគ្នាជាលើកទី២ ក្នុងឆ្នាំនេះនៅឯតំបន់សមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីលមានបញ្ហាវិវាទទឹកដីជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦។
យោធាហ្វីលីពីន នាថ្ងៃចន្ទនេះ បានឱ្យដឹងថា សមយុទ្ធយោធារួមខាងលើ ដែលមានរយៈពេល៤ថ្ងៃ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ដោយមានការចូលរួមពីនាវាយោធា យន្តហោះចម្បាំង ក៏ដូចជាយន្តហោះឈ្លបការណ៍។ វាសង្កត់ធ្ងន់អំពីការធ្វើឱ្យកាន់តែស៉ីជម្រៅ នៃកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងចំណោមប្រទេសទាំង៣ និងការប្តេជ្ញារួមចំពោះសន្តិសុខក្នុងតំបន់។
អំឡុងសមយុទ្ធយោធានេះ ហ្វីលីពីនបានដាក់ពង្រាយយន្តហោះចម្បាំង FA-50 ខណៈអូស្រ្តាលីបានចល័តយន្តហោះឈ្លបការណ៍ និងល្បាតដែនសមុទ្រ P-8A Poseidon ហើយសហរដ្ឋអាមេរិក បានបញ្ជូននាវាយោធា USS Ashland។ វាត្រូវបានធ្វើឡើង មុនការចាប់ផ្តើមបើកសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ ហៅថា Balikatan នាថ្ងៃទី២០ ខែមេសា រវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៉ីនតោន រួមជាមួយជប៉ុននិងអូស្រ្តាលី។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ហ្វីលីពីននិងចិនបានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញឧប្បត្តិហេតុដែលកើតមានជាបន្តបន្ទាប់ នៅតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំងបានបង្ហាញការជំទាស់ជារឿយៗ ចំពោះការធ្វើសកម្មភាពយោធារួមគ្នា រវាងទីក្រុងម៉ានីល ជាមួយបណ្តាដៃគូសម្ព័ន្ធមិត្ត នៅសមុទ្រចិនខាងត្បូង ដោយលើកហេតុផលថា សកម្មភាពបែបនោះ នាំឱ្យកើនឡើងភាពតានតឹងនៅក្នុងតំបន់៕







