ប្រធានសភាអ៉ីរ៉ង់ ប្រកាសថាប្រទេសរបស់លោក នឹងមិនឱនក្បាលក្រោមការគំរាម ក្រោយកិច្ចចរចាជាមួយអាមេរិកបរាជ័យ (Video inside)
13-04-2026 14:40
(តេហេរ៉ង់)៖ នាថ្ងៃអាទិត្យ ទី១២ ខែមេសា ប្រធានសភាអ៉ីរ៉ង់ ដែលបានដឹកនាំកិច្ចប្រឹងប្រែងចរចាជាមួយសហរដ្ឋអាមេរិក នៅឯប្រទេសប៉ាគីស្ថាន បាននិយាយថា ប្រទេសរបស់លោក នឹងចុះញ៉មដាច់ខាតក្រោមការគំរាមកំហែង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យយោធាអាមេរិកបិទខ្ទប់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
បណ្តាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីរ៉ង់ បានរាយការណ៍ថា ប្រធានសភាអ៉ីរ៉ង់ លោក MOhammad Bagher Ghalibaf ដែលបានត្រឡប់មកដល់ទីក្រុងតេហរ៉ង់វិញ ក្រោយដឹកនាំកិច្ចចរចាជាមួយអាមេរិក នៅទីក្រុងអ៉ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ប្រសិនបើពួកគេប្រយុទ្ធ យើងនឹងប្រយុទ្ធតបវិញដូចគ្នា ហើយបើពួកគេប្រើហេតុផល យើងតបទៅវិញដោយប្រើហេតុផល។ ប៉ុន្តែយើងនឹងមិនឱនក្បាលដាក់ការគំរាមណាមួយឡើយ។ ចូរឱ្យពួកគេសាកល្បងឆន្ទៈរបស់យើងម្តងទៀតចុះ ដើម្បីយើងអាចផ្តល់មេរៀនកាន់តែធំដល់ពួកគេ»។
គួរបញ្ជាក់ថា អ៉ីរ៉ង់និងអាមេរិក បានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍ កាលពីថ្ងៃអង្គារសប្តាហ៍មុន ក្រោយប្រយុទ្ធគ្នាតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ហើយនៅថ្ងៃសៅរ៍សប្តាហ៍ដដែល ភាគីទាំងពីរបានជួបចរចាគ្នាដោយផ្ទាល់ នៅប៉ាគីស្ថាន ប៉ុន្តែវាបានបញ្ចប់ទៅដោយមិនមានកិច្ចព្រមព្រៀង។ ដោយសារតែហេតុនេះ លោក ត្រាំ កាលពីថ្ងៃអាទិត្យ បានចេញបញ្ជាឱ្យបិទខ្ទប់ច្រកសមុទ្រ Hormuz តែម្តង។
បើតាមយោធាអាមេរិក ការបិទខ្ទប់នឹងធ្វើឡើងចាប់ពីម៉ោង២រសៀល ម៉ោង GMT នាថ្ងៃចន្ទនេះ ប៉ុន្តែយោធាអាមេរិក បានគូសបញ្ជាក់ថា ការបិទខ្ទប់ គឺសម្រាប់តែកប៉ាល់របស់ប្រទេសនានា ដែលមានបំណងចូលឬចេញពីកំពង់ផែទាំងអស់របស់អ៉ីរ៉ង់ប៉ុណ្ណោះ ពោលកប៉ាល់ទាំងឡាយ ដែលគ្មានគោលដៅចេញឬចូលប្រទេសអ៉ីរ៉ង់ទេនោះ គឺនឹងត្រូវអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយពុំមានការហាមឃាត់ឡើយ៕




