យោធាអាមេរិក ថាមនុស្ស៥នាក់ត្រូវបានសម្លាប់ និងម្នាក់នៅរស់ ក្នុងការវាយប្រហារថ្មីចុងក្រោយ លើទូកសង្ស័យដឹកគ្រឿងញៀន (Video inside)

13-04-2026 15:14

(វ៉ាស៉ីនតោន)៖ នាថ្ងៃអាទិត្យ ទី១២ ខែមេសា យោធាអាមេរិកបានឱ្យដឹងថា ខ្លួនបានសម្លាប់មនុស្ស៥នាក់ទៀត លើទូកសង្ស័យដឹកគ្រឿងញៀន នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក ហើយម្នាក់នៅមានជីវិត។ គិតមកទល់ឥឡូវ ការសម្លាប់មនុស្សក្នុងប្រតិបត្តិការដ៏ចម្រូងចម្រាសនេះ បានបន្តកើនដល់ចំនួនយ៉ាងហោច១៦៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោធាអាមេរិក បាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើងប្រឆាំងទូក២គ្រឿង កាលពីថ្ងៃទី១១ ខែមេសា។ ក្នុងការវាយប្រហារ​លើទូកទី១ ជនសង្ស័យ២នាក់ត្រូវបានសម្លាប់ និងម្នាក់បានរួចរស់ជីវិត ខណៈជនសង្ស័យ៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើទូកទី២។

ដូចទៅនឹងការវាយប្រហារជាច្រើនផ្សេងទៀតនៅភាគខាងកើតប៉ាស៉ីហ្វិក និងសមុទ្រ Caribbean នាពេលកន្លងមកដែរ យោធាអាមេរិក បាននិយាយថា ខ្លួនបានកំណត់គោលដៅ លើក្រុមជនសង្ស័យរត់ពន្ធគ្រឿងញៀន នៅតាមគន្លងផ្លូវទឹក ដែលគេដឹងថាជាច្រកលួចដឹកជញ្ជូនគ្រឿងញៀន ប៉ុន្តែមិនបានផ្តល់ភស្តុតាងជាក់ស្តែងណាមួយ ដែលបង្ហាញថា ទូកទាំងនោះ ពិតជាដឹកគ្រឿងញៀនមែនឬអត់ឡើយ។ ក្រុមអ្នកជំនាញ បានលើកឡើងថា ការវាយប្រហារទាំងនេះរបស់យោធាអាមេរិក គឺហាក់ស្មើទៅនឹង​ការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌។

គួរបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន នៅប៉ាស៉ីហ្វិកនិង Caribbean នៅតែបន្ត បើទោះបីជា យោធាអាមេរិក បានងាកទៅផ្តោតលើប្រតិបត្តិការ នៅតំបន់មជ្ឈិមបូព៌ាក៏ដោយ ជាទីដែលសហរដ្ឋអាមេរិក បានជាប់ដៃធ្វើសង្រ្គាម​ជាមួយអ៉ីរ៉ង់ជាច្រើនសប្តាហ៍ មុនពេលប្រកាសបទឈប់បាញ់បណ្តោះអាសន្ន កាលពីសប្តាហ៍មុន។ កិច្ចចរចាសន្តិភាពកាលពីថ្ងៃសៅរ៍ បានទទួលបរាជ័យ នាំឱ្យលោក ត្រាំ បានបញ្ជាឱ្យកងទ័ពជើងទឹកអាមេរិក ចាប់ផ្តើមបិទខ្ទប់កប៉ាល់ ដែលមានគោលដៅចេញឬចូលប្រទេសអ៉ីរ៉ង់ នៅច្រកសមុទ្រ Hormuz៕