ចិនសង្ឃឹមថា អាមេរិក-អ៉ីរ៉ង់នឹងមិនដុតបញ្ឆេះសង្រ្គាមឡើងវិញ និងបដិសេធថាមិនបានបញ្ជូនអាវុធឱ្យអ៉ីរ៉ង់
13-04-2026 15:44
(ប៉េកាំង)៖ នាថ្ងៃចន្ទ ទី១៣ ខែមេសា ចិនបាននិយាយថា ខ្លួនសង្ឃឹមថាសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ នឹងមិនដុតបញ្ឆេះសង្រ្គាមមជ្ឈិមបូព៌ាឡើងវិញឡើយ បន្ទាប់ពីកិច្ចចរចារវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន នៅប្រទេសប៉ាគីស្ថាន កាលពីចុងសប្តាហ៍កន្លងទៅ មិនអាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់ជម្លោះជាអចិន្រ្តៃយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង យ៉ាងដូច្នេះថា «ចិនសង្ឃឹមថាភាគីពាក់ព័ន្ធ នឹងគោរពតាមបទឈប់បាញ់បណ្តោះអាសន្ន បន្តព្យាយាមដោះស្រាយវិវាទតាមច្រកនយោបាយនិងការទូត ចៀសវាងដុតបញ្ឆេះសង្រ្គាមសាជាថ្មី ហើយបង្កើតលក្ខខណ្ឌសម្រាប់ការវិលត្រឡប់វិញឆាប់ៗ នៃសន្តិភាពនិងភាពស្ងប់សុខ នៅក្នុងតំបន់ឈូងសមុទ្រ»។
ទន្ទឹមគ្នា លោក Guo បានបន្តថា ចិនចាត់ទុកសេចក្តីរាយការណ៍ព័ត៌មានដែលថា ខ្លួនបានផ្គត់ផ្គង់ ឬមានបំណងផ្គត់ផ្គង់សព្វាវុធឱ្យទៅប្រទេសអ៉ីរ៉ង់ គឺជាការមួលបង្កាច់ដោយគ្មានមូលដ្ឋាន។ កាលពីចុងសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅសហរដ្ឋអាមេរិក បានរាយការណ៍ដោយផ្អែកលើប្រភពចារកម្មអាមេរិកថា ទីក្រុងប៉េកាំងត្រៀមរៀបចំបញ្ជូន ប្រព័ន្ធការពារដែនអាកាសថ្មីឱ្យអ៉ីរ៉ង់។
គួរបញ្ជាក់ថា អ៉ីរ៉ង់និងអាមេរិក បានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍ កាលពីថ្ងៃអង្គារសប្តាហ៍មុន ក្រោយប្រយុទ្ធគ្នាតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ហើយនៅថ្ងៃសៅរ៍សប្តាហ៍ដដែល ភាគីទាំងពីរបានជួបចរចាគ្នាដោយផ្ទាល់ នៅប៉ាគីស្ថាន ប៉ុន្តែវាបានបញ្ចប់ទៅដោយមិនមានកិច្ចព្រមព្រៀង។ អាជ្ញាធរនៅអ៉ីរ៉ង់ បានអះអាងថា សង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៣ ៣៧៥នាក់។
នាថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចចរចាបានទទួលបរាជ័យ ដោយសារទីក្រុងតេហេរ៉ង់ នៅតែប្រកាន់ជំហររឹងរូសមិនបោះបង់មហិច្ឆតានុយក្លេអ៊ែរ ហើយលោកបានចេញបញ្ជាឱ្យយោធាអាមេរិក បិទខ្ទប់មិនឱ្យកប៉ាល់នានាចេញ ឬចូលកំពង់ផែទាំងអស់របស់អ៉ីរ៉ង់ ចាប់ពីម៉ោង១០យប់ថ្ងៃចន្ទនេះទៅ (ម៉ោងនៅអាមេរិក)។ ដោយឡែក យោធាអ៉ីរ៉ង់បានព្រមានថា ប្រសិនបើកំពង់ផែរបស់ខ្លួនរងការគំរាមកំហែង នោះកំពង់ផែដទៃទៀតនៅក្នុងតំបន់ ក៏នឹងមិនរួចខ្លួនដែរ៕









