NATO បដិសេធមិនចូលរួមក្នុងផែនការបិទខ្ទប់ច្រកសមុទ្រហ័រមូសរបស់លោក ដូណាល់ ត្រាំ

13-04-2026 20:20

(ឡុងដ៍/ប៉ារីស)៖ បណ្តាប្រទេសជាសម្ព័ន្ធមិត្តអង្គការណាតូ (NATO) របស់សហរដ្ឋអាមេរិក នាថ្ងៃចន្ទនេះ បានប្រកាសថានឹងមិនចូលរួមក្នុងផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបិទខ្ទប់ច្រកសមុទ្រហ័រមូសនោះឡើយ ដែលជំហរនេះបានធ្វើឱ្យភាពតានតឹងនៅក្នុងសម្ព័ន្ធភាពយោធាដ៏ផុយស្រួយមួយនេះកាន់តែកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានថ្លែងថា កងទ័ពអាមេរិកនឹងសហការជាមួយប្រទេសផ្សេងៗទៀត ដើម្បីបិទខ្ទប់ចរាចរណ៍ផ្លូវសមុទ្រនៅក្នុងតំបន់នោះ បន្ទាប់ពីកិច្ចចរចាកាលពីចុងសប្តាហ៍មិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរយៈពេល ៦សប្តាហ៍ជាមួយអ៊ីរ៉ង់។ ក្រោយមក យោធាអាមេរិកបានបញ្ជាក់ថា ការបិទខ្ទប់នេះនឹងអនុវត្តតែចំពោះនាវាដែលធ្វើដំណើរឆ្ពោះទៅកាន់ ឬចាកចេញពីកំពង់ផែរបស់ប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី សម្ព័ន្ធមិត្តណាតូរួមមានអង់គ្លេស និងបារាំង បានអះអាងថាពួកគេនឹងមិនបណ្តោយខ្លួនឱ្យធ្លាក់ចូលទៅក្នុងជម្លោះនេះ តាមរយៈការចូលរួមក្នុងការបិទខ្ទប់ឡើយ ដោយប្រទេសទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបើកច្រកសមុទ្រដ៏សំខាន់នេះឡើងវិញ ដែលត្រូវបានអ៊ីរ៉ង់រាំងខ្ទប់តាំងពីចុងខែកុម្ភៈ។

គួរបញ្ជាក់ថា​ ការបដិសេធមិនចូលរួមនេះ បានក្លាយជាចំណុចចម្រូងចម្រាសថ្មីមួយទៀត ខណៈដែលកន្លងមក លោក ត្រាំ ធ្លាប់បានគំរាមដកអាមេរិកចេញពីសម្ព័ន្ធភាពយោធានេះ និងកំពុងពិចារណាដកកងទ័ពអាមេរិកមួយចំនួនចេញពីអឺរ៉ុប ក្រោយប្រទេសមួយចំនួនបដិសេធមិនព្រមឱ្យអាមេរិកប្រើប្រាស់ដែនអាកាសរបស់ពួកគេ សម្រាប់ប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់៕