ប្រមុខការទូតអាស៊ាន ជំរុញឱ្យអាមេរិក និងអ៊ីរ៉ង់ បន្តចរចារកដំណោះស្រាយបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ (Video inside)

13-04-2026 20:56

(ម៉ានីល)៖ នាថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានអំពាវនាវដល់សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ឱ្យបន្តកិច្ចចរចាដើម្បីឈានទៅរកការបញ្ចប់ជម្លោះរបស់ពួកគេជាអចិន្ត្រៃយ៍ ព្រមទាំងជំរុញឱ្យមានការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប្រមុខការទូតអាស៊ានទាំង១១ប្រទេស បានទាមទារឱ្យមានការស្តារឡើងវិញនូវការធ្វើនាវាចរណ៍ និងជើងហោះហើរប្រកបដោយសុវត្ថិភាព និងគ្មានការរារាំងនៅច្រកសមុទ្រហ័រមូស។ លើសពីបញ្ហាសន្តិសុខ អាស៊ានបានគូសបញ្ជាក់យ៉ាងច្បាស់អំពីផលប៉ះពាល់នៃជម្លោះនេះមកលើស្ថិរភាពតំបន់ ជាពិសេសលើខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល និងស្បៀងអាហារ ដោយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្តល់អាទិភាពដល់សន្តិសុខថាមពលសម្រាប់ប្រទេសសមាជិក អំឡុងពេលមានវិបត្តិ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ម៉ា. ថេរ៉េសា ឡាសារ៉ូ (Ma. Theresa Lazaro) បានបញ្ជាក់ថា អង្គប្រជុំបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តពង្រឹងយន្តការតំបន់ជាមួយ ចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀង និងការឡើងថ្លៃទំនិញ ព្រមទាំងបានពិភាក្សាពីការស្វែងរកប្រភពជីកសិកម្ម និងលទ្ធភាពបង្កើតប្រព័ន្ធទំនាក់ទំនងដោះស្រាយវិបត្តិបន្ទាន់របស់អាស៊ាន។ ក្នុងនាមជាប្រធានអាស៊ាន លោកស្រីបានសង្កត់ធ្ងន់ថា ហ្វីលីពីនប្តេជ្ញាបន្តរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំនៅខែឧសភាខាងមុខ ដែលនឹងផ្តោតសំខាន់លើសន្តិសុខស្បៀង ថាមពល និងសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង៕