ចិន៖​ ការបិទខ្ទប់ច្រកសមុទ្រហ័រមូសផ្ទុយពីផលប្រយោជន៍សកល, អំពាវនាវឱ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ (Video inside)

13-04-2026 20:57

(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ចិនបានប្រកាសថាការបិទខ្ទប់ច្រកសមុទ្រហ័រមូស​ គឺផ្ទុយទៅនឹងផលប្រយោជន៍របស់សហគមន៍អន្តរជាតិ ព្រមទាំងបានអំពាវនាវឱ្យភាគីទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងការអត់ធ្មត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងនេះធ្វើឡើងស្របពេលដែលយោធាអាមេរិកត្រៀមចាប់ផ្តើមការបិទខ្ទប់នាវាចរណ៍ចេញចូលកំពង់ផែអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅប្រទេសប៉ាគីស្ថានទទួលបរាជ័យ។

ក្នុងជំនួបជាមួយប្រេសិតពិសេសរបស់ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម លោក ខាល់ឌូន ខាលីហ្វា អាល់ មូបារ៉ាក់ (Khaldoon Khalifa Al Mubarak) នៅរដ្ឋធានីប៉េកាំង រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានគូសបញ្ជាក់ថា វិធានការបិទខ្ទប់នេះមិនបម្រើដល់ផលប្រយោជន៍រួមនោះទេ។ លោកបានសង្កត់ធ្ងន់ថា ជម្រើសដ៏ល្អបំផុតដើម្បីដោះស្រាយវិបត្តិនៅតំបន់ឈូងសមុទ្រ គឺការឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង តាមរយៈមធ្យោបាយនយោបាយ និងការទូត។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គៅ ជៀគុន (Guo Jiakun) បានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចក្នុងការដើរតួនាទីយ៉ាងស្ថាបនា ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនេះ។ បន្ថែមពីនេះ លោក ហ្គៅ ក៏បានច្រានចោលយ៉ាងដាច់អហង្ការចំពោះសេចក្តីរាយការណ៍ដែលថា ចិនមានគម្រោងផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ីរ៉ង់ ដោយចាត់ទុកថាជា «ការលាបពណ៌គ្មានមូលដ្ឋាន»៕