តុលាការអាមេរិក ច្រានចោលបណ្តឹងបរិហារកេរ្តិ៍របស់លោក ត្រាំ ប្រឆាំងសារព័ត៌មាន Wall Street Journal ជុំវិញសំណុំរឿង Epstein

13-04-2026 21:32

(ម៉ៃអាមី)៖ នាថ្ងៃចន្ទនេះ​ ចៅក្រមសហរដ្ឋអាមេរិក បានសម្រេចច្រានចោលពាក្យបណ្តឹងបរិហារកេរ្តិ៍របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបានប្តឹងប្រឆាំងនឹងសារព័ត៌មាន Wall Street Journal ជុំវិញការចុះផ្សាយអត្ថបទមួយដែលអះអាងថា ឈ្មោះរបស់លោកមានជាប់ពាក់ព័ន្ធនឹងការជូនពរថ្ងៃកំណើតកាលពីឆ្នាំ២០០៣ ដល់ឧក្រិដ្ឋជនផ្លូវភេទដែលបានស្លាប់ លោក ជែហ្វហ្វ្រី អិបស្ទីន (Jeffrey Epstein)។ ទោះជាយ៉ាងណា តុលាការបានបើកផ្លូវឱ្យលោក ត្រាំ អាចដាក់ពាក្យបណ្តឹងនេះឡើងវិញបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចៅក្រមស្រុកសហរដ្ឋអាមេរិកប្រចាំទីក្រុងម៉ៃអាមី លោក ដារីន ហ្គេល (Darrin Gayles) បានបញ្ជាក់ថា ការទាមទាររបស់លោក ត្រាំ មិនទាន់បំពេញបាននូវស្តង់ដារនៃ «ចេតនាទុច្ចរិតពិតប្រាកដ» (Actual Malice) ដែលបុគ្គលសាធារណៈត្រូវតែបង្ហាញឱ្យឃើញច្បាស់នៅក្នុងបណ្តឹងបរិហារកេរ្តិ៍នោះទេ។ នេះមានន័យថា ដើមបណ្តឹងមិនត្រឹមតែត្រូវបញ្ជាក់ថាការអះអាងនោះជារឿងមិនពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្ហាញថាសារព័ត៌មាន ឬបុគ្គលដែលបានចុះផ្សាយនោះ បានដឹង ឬគួរតែដឹងថាវាជារឿងក្លែងក្លាយ។ ទោះជាយ៉ាងក្តី លោកចៅក្រមបានអនុញ្ញាតឱ្យលោក ត្រាំ អាចដាក់ពាក្យបណ្តឹងដែលបានកែសម្រួលឡើងវិញ ត្រឹមថ្ងៃទី២៧ ខែមេសា ខាងមុខ។

នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន លោក ត្រាំ បានចាត់ទុកការអះអាងរឿងជូនពរថ្ងៃកំណើតនោះថាជា «ព័ត៌មានក្លែងក្លាយ» និងបានទាមទារសំណងជំងឺចិត្តរហូតដល់ ១០ពាន់លានដុល្លារ សម្រាប់អ្វីដែលលោកហៅថាជាការបំផ្លាញដល់កេរ្តិ៍ឈ្មោះរបស់លោកយ៉ាងធ្ងន់ធ្ងរ។ ជាការឆ្លើយតប ក្រុមហ៊ុន Dow Jones ដែលជាក្រុមហ៊ុនមេរបស់សារព័ត៌មាន Wall Street Journal បានចេញមុខការពារយ៉ាងដាច់អហង្ការចំពោះភាពត្រឹមត្រូវនៃអត្ថបទដែលខ្លួនបានចុះផ្សាយនោះ៕