ឥណ្ឌូណេស៉ី ថាអាចទ្រាំទ្រផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា រហូតដល់ដាច់ឆ្នាំ២០២៦ (Video inside)
14-04-2026 11:25
(ហ្សាការតា)៖ កាលពីថ្ងៃចន្ទ ទី១៣ ខែមេសា រដ្ឋមន្រ្តីសេដ្ឋកិច្ចឥណ្ឌូណេស៉ី លោក Airlangga Hartarto បាននិយាយថា ប្រទេសអាស៊ានមួយនេះ អាចទ្រាំទ្រជាមួយផលប៉ះពាល់នៃការហក់ឡើងខ្ពស់នូវតម្លៃប្រេង ដែលបណ្តាលមកពីសង្រ្គាមនៅមជ្ឈិមបូព៌ា សម្រាប់រយៈពេល១០ខែទៀត ដោយមិនចាំបាច់ត្រូវកាត់បន្ថយឧបត្ថម្ភធនប្រេងឥន្ធនៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Airlangga បានប្រាប់ក្រុមអ្នកសារព័ត៌មានបរទេសនៅទីក្រុងហ្សាការតាថា រដ្ឋាភិបាលរបស់លោកត្រៀមលក្ខណៈរួចជាស្រេច សម្រាប់រយៈពេល៥ខែ ៦ខែ ឬសូម្បីតែ១០ខែ ដោយផ្អែកលើការព្យាករបច្ចុប្បន្ន។ លោកបានបន្តថា ប្រេងម៉ាស៊ូតក៏ដូចជាឥន្ធនៈដទៃទៀត នឹងត្រូវបន្តឧបត្ថម្ភធនរហូតដល់ដំណាច់ឆ្នាំនេះ ហើយរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ដើម្បីចាត់ចែងរឿងនេះ។
តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងលើស១០០ដុល្លារក្នុងមួយបារ៉ែល និងបន្តនៅក្បែរកម្រិតនោះ ចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានបំផ្ទុះសង្រ្គាមប្រឆាំងប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលក្នុងភ្លើងជម្លោះ និងធ្វើឱ្យរាំងស្ទះចរាចរណ៍កប៉ាល់នៅច្រកសមុទ្រ Hormuz ជាទីដែលប្រេងនិងឧស្ម័នប្រមាណ២០ភាគរយរបស់ពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់ជាប្រចាំ។
ទោះបីអ៉ីរ៉ង់និងអាមេរិកបានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍ កាលពីថ្ងៃអង្គារសប្តាហ៍មុនក៏ដោយ វាគឺជាបទឈប់បាញ់ដ៏ផុយស្រួយ ជាពិសេសបន្ទាប់ពីការចរចាផ្ទាល់រវាងភាគីទាំងពីរនៅប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ មិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យយោធាអាមេរិក ចាប់ផ្តើមបិទខ្ទប់កំពង់ផែទាំងអស់របស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី គឺជាប្រទេសផលិតប្រេង ប៉ុន្តែទោះយ៉ាងនេះក្តី ការនាំចូលប្រេងគឺច្រើនជាងការផលិត ហើយឥណ្ឌូណេស៉ី ផ្តល់ការឧបត្ថម្ភធនខ្លាំងដល់ប្រេងឥន្ធនៈ ដែលប្រើប្រាស់នៅក្នុងស្រុក។ ចន្លោះ១ភាគ៥ ទៅ១ភាគ៤ នៃប្រេងដែលឥណ្ឌូណេស៉ីនាំចូល គឺមានប្រភពមកពីតំបន់មជ្ឈិមបូព៌ា។ ការគណនាឧបត្ថម្ភធនប្រេងឥន្ធនៈរបស់ឥណ្ឌូណេស៉ីសម្រាប់ឆ្នាំ២០២៦នេះ គឺផ្អែកលើតម្លៃប្រេងឆៅសកល៧០ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃចន្ទ លោក Airlangga បាននិយាយថា រៀងរាល់១ដុល្លារដែលកើនឡើងក្នុងតម្លៃប្រេងអន្តរជាតិ គឺបន្ថែមបន្ទុកប្រហែល៤០០លានដុល្លារ លើកញ្ចប់ថវិកាជាតិ។ ឧបត្ថម្ភធនរ៉ាប់រងប្រហែល៣០-៤០ភាគរយ នៃថ្លៃឥន្ធនៈសម្រាប់អ្នកប្រើប្រាស់ ហើយស្រូបយកខ្ទង់៥ភាគរយ ឬស្មើនឹង១២ពាន់លានដុល្លារ នៃកញ្ចប់ថវិកាជាតិប្រចាំឆ្នាំរបស់ឥណ្ឌូណេស៉ី ដែលជាប្រទេសមានប្រជាជនច្រើន និងសេដ្ឋកិច្ចធំជាងគេ នៅតំបន់អាស៉ីអាគ្នេយ៍៕






