សម្តេចប៉ាប ថាមិនខ្លាចប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្តេជ្ញាបន្តថ្លែងសារប្រឆាំងសង្រ្គាម

14-04-2026 12:12

(អាល់ហ្សេ)៖ កាលពីថ្ងៃចន្ទ ទី១៣ ខែមេសា ប្រមុខសង្ឃកាតូលិក សម្តេចប៉ាប Leo បានមានព្រះបន្ទូលថា ព្រះអង្គមានកាតព្វកិច្ចសីលធម៌ ត្រូវនិយាយប្រឆាំងសង្រ្គាម ហើយមិនខ្លាចប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើយ បន្ទាប់ពីលោក ត្រាំ បានប្រើសម្តីវាយប្រហារសម្តេចប៉ាប​ ដោយសារតែការអំពាវនាវឱ្យបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មុនយាងចាកចេញពីទីក្រុងរ៉ូម ឆ្ពោះមកកាន់ប្រទេសអាល់ហ្សេរី ដើម្បបំពេញព្រះរាជទស្សនកិច្ច សម្តេចប៉ាប Leo បានទទួលរងការរិះគន់ពីសំណាក់លោក ត្រាំ។ លោកប្រធានាធិបតីអាមេរិក បាននិយាយវាយប្រហារសម្តេចប៉ាប បន្ទាប់ពីនាពេលថ្មីៗកន្លងទៅនេះ ព្រះអង្គបានធ្វើការអត្ថាធិប្បាយអំពាវនាវឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ា ដែលបានធ្លាក់ក្នុងភ្លើងសង្រ្គាមបង្កឡើងដោយការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែល លើអ៉ីរ៉ង់កាលពីចុងខែកុម្ភៈ។

ក្រោយមក លោក ត្រាំ នៅតែប្រកាន់ជំហរយ៉ាងរឹងមាំជុំវិញការរិះគន់របស់លោក ដោយនិយាយថា គ្មានអ្វីដែលត្រូវសុំទោសឡើយ ព្រោះបន្ទូលរបស់សម្តេចប៉ាប គឺមិនត្រឹមត្រូវទាល់តែសោះ។ លោក ត្រាំ បាននិយាយដូច្នេះថា «សម្តេចប៉ាបប្រឆាំងទាំងស្រុងជាមួយអ្វីដែលខ្ញុំកំពុងធ្វើពាក់ព័ន្ធនឹងអ៉ីរ៉ង់ ខណៈអ៉ីរ៉ង់មិនអាចបណ្តោយ​ឱ្យមានអាវុធនុយក្លេអ៊ែរដាច់ខាត»។

ថ្លែងនៅលើយន្តហោះមុនមកដល់ប្រទេសអាល់ហ្សេរី សម្តេចប៉ាប បានមានបន្ទូលប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្តេចមិនមានបំណងតស៊ូមតិជាមួយលោក ត្រាំ ទេ ដ្បិតព្រះអង្គមិនមែនជាអ្នកនយោបាយ។ សម្តេចប៉ាប បានមានបន្ទូលបន្តដូច្នេះថា «អ្វីដែលខ្ញុំចង់និយាយ នោះគឺបេសកកម្មរបស់ព្រះវិហារគ្រិស្ត មានភាពច្បាស់លាស់ណាស់។ ការប្រៀនប្រដៅរបស់ព្រះជាម្ចាស់លើកឡើងថា អ្នកកសាងសន្តិភាព នឹងទទួលបានការប្រទានពរ។ ខ្ញុំជឿជាក់ថា ព្រះវិហារគ្រិស្តមានកាតព្វកិច្ចសីលធម៌ ដើម្បីនិយាយឱ្យច្បាស់ៗប្រឆាំងនឹងសង្រ្គាម ហើយលើកកម្ពស់សន្តិភាព និងការផ្សះផ្សាជម្លោះ»។ សម្តេចប៉ាប Leo បានបន្ថែមទៀតថា «ខ្ញុំមិនខ្លាចរដ្ឋបាលលោក ត្រាំ ឬក៏ខ្លាចក្នុងការផ្សព្វផ្សាយអំពីសាររបស់ព្រះជាម្ចាស់ឡើយ»។

គួរបញ្ជាក់ថា ក្នុងការរិះគន់កាលពីថ្ងៃអាទិត្យ លោក ត្រាំ និយាយថា សម្តេចប៉ាប Leo កំពុងលលេងជាមួយប្រទេសដូចជាអ៉ីរ៉ង់ ដែលមានមហិច្ឆតាចង់បាន​អាវុធនុយក្លេអ៊ែរ ហើយលោកបានបន្ថែមថា រូបលោកមិនចូលចិត្តព្រះអង្គនោះទេ។ នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni បានចេញមុខថ្កោលទោស​ការរិះគន់របស់លោកប្រធានាធិបតីអាមេរិក ថាជាទង្វើមិនអាចទទួលយកបាន ហើយលោកស្រីលើកឡើងថា វាជារឿងត្រឹមត្រូវនិងធម្មតា សម្រាប់សម្តេចប៉ាប Leo ក្នុងការអំពាវនាវស្វែងរកសន្តិភាព និងថ្កោលទោសសង្រ្គាមគ្រប់ទម្រង់ទាំងអស់៕