រដ្ឋមន្រ្តីការបរទេសចិន ប្រាប់សមភាគីប៉ាគីស្ថាន៖ ការរក្សាបទឈប់បាញ់សង្រ្គាមមជ្ឈិមបូព៌ា គឺជាអាទិភាពបន្ទាន់ (Video inside)
14-04-2026 13:51
(ប៉េកាំង)៖ អំឡុងកិច្ចសន្ទនាតាមទូរសព្ទកាលពីថ្ងៃចន្ទ ទី១៣ ខែមេសា ប្រមុខការទូតចិនបានប្រាប់សមភាគីប៉ាគីស្ថានថា ការរក្សាបទឈប់បាញ់សង្រ្គាមមជ្ឈិមបូព៌ា គឺជាអាទិភាពបន្ទាន់សម្រាប់កិច្ចប្រឹងប្រែង ឆ្ពោះទៅបិទបញ្ចប់ជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន អំឡុងកិច្ចសន្ទនាខាងលើ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Ishaq Dar ដូច្នេះថា «អាទិភាពបន្ទាន់នាពេលនេះ គឺបង្កើតកិច្ចប្រឹងប្រែងនានាសំដៅរកការទប់ស្កាត់កុំឱ្យអរិភាពបន្តឡើងវិញ ហើយថែរក្សាបទឈប់បាញ់ដែលពិបាកនឹងសម្រេចបាន»។ លោក Wang បានបន្តថា ផែនការសន្តិភាពរួមរបស់ចិននិងប៉ាគីស្ថាន ដែលប្រកាសកាលពីខែមុន នៅពេលប្រមុខការទូតទាំងពីរជួបគ្នា ក្នុងទីក្រុងប៉េកាំង នៅអាចបម្រើជាទិសដៅសម្រាប់កិច្ចប្រឹងប្រែងឆ្ពោះទៅរកដោះស្រាយ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif ក៏បាននិយាយដែរថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់មិនទាន់ដួលរលំទេ ហើយកិច្ចប្រឹងប្រែងយ៉ាងសកម្ម កំពុងបន្តធ្វើឡើងដើម្បីឆ្ពោះទៅឈានដល់កិច្ចព្រមព្រៀង បន្ទាប់ពីកិច្ចចរចាដោយផ្ទាល់ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតេហេរ៉ង់ នៅប្រទេសប៉ាគីស្ថានកាលពីចុងសប្តាហ៍មុន មិនទាន់អាចសម្រេចរឿងនោះបាន៕







