អនុប្រធានាធិបតីអាមេរិក៖ លទ្ធផលកិច្ចប្រឹងប្រែងចរចារកសន្តិភាព នាពេលនេះគឺអាស្រ័យលើអ៉ីរ៉ង់ (Video inside)

14-04-2026 15:18

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី១៣ ខែមេសា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន បានបង្ហាញបន្ទាត់ក្រហមរបស់ខ្លួនយ៉ាងច្បាស់រួចហើយ ក្នុងកិច្ចចរចាជាមួយអ៉ីរ៉ង់ដើម្បីបិទបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ា ហើយឥឡូវនេះ គឺវាស្រេចតែលើអ៉ីរ៉ង់ប៉ុណ្ណោះ ក្នុងការធ្វើសកម្មភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Vance បានដឹកនាំប្រតិភូអាមេរិក ដែលបានជួបចរចាគ្នាជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ នៅប៉ាគីស្ថានកាលពីចុងសប្តាហ៍មុន ប៉ុន្តែកិច្ចពិភាក្សានោះបានបន្តបញ្ចប់ទៅ ដោយមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជាអចិន្រ្តៃយ៍ នូវសង្រ្គាមជាង ៥សប្តាហ៍របស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់។ ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News លោក Vance បាននិយាយដូច្នេះថា «ខ្ញុំពិតជាយល់ថា អ្វីៗនាពេលនេះគឺស្ថិតនៅលើខាងអ៉ីរ៉ង់ ព្រោះយើងបានបង្ហាញលក្ខខណ្ឌជាច្រើនរួចហើយ នៅលើតុចរចា។ តាមពិតទៅ យើងបានបញ្ជាក់យ៉ាងច្បាស់លាស់ អំពី​អ្វីដែលជាបន្ទាត់ក្រហមរបស់យើង»។

លោក Vance បានសង្កត់ធ្ងន់ថា «មានរឿង២យ៉ាងជាពិសេស ដែលលោកប្រធានាធិបតីអាមេរិក បានប្រកាន់ជំហរយ៉ាងរឹងមាំថា យើងមិនអាចមានភាពបត់បែន»។ បើតាមលោកអនុប្រធានាធិបតីអាមេរិក រឿងទាំង២នោះ គឺការគ្រប់គ្រងរបស់អាមេរិក លើសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់របស់អ៉ីរ៉ង់ និងយន្តការផ្ទៀងផ្ទាត់ដើម្បីធានាថា អ៉ីរ៉ង់មិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរនាពេលអនាគត។ លោក Vance បានលើកឡើងថា «វាជារឿងមួយ​ ដែលអ៉ីរ៉ង់ខ្លួនឯងបានត្រឹមអះអះអាងថា ខ្លួននឹងមិនផលិតអាវុធនុយក្លេអ៊ែរ ខណៈវាជារឿងមួយផ្សេងទៀត ដែលយើងត្រូវមានយន្តការ ដើម្បីធានាឱ្យប្រាកដថា រឿងនោះពិតជានឹងមិនកើតឡើង»

គួរបញ្ជាក់ថា ក្រោយសង្រ្គាមផ្ទុះឡើងចាប់តាំងពីចុងខែកុម្ភៈ អាមេរិកនិងអ៉ីរ៉ង់ បានព្រមព្រៀងប្រកាសបទឈប់បាញ់បណ្តោះអាសន្ន សម្រាប់រយៈពេល២សប្តាហ៍ កាលពីថ្ងៃទី៧ ខែមេសា ហើយបានជួបចរចាគ្នាផ្ទាល់នៅទីក្រុងអ៉ីស្លាម៉ាបាដ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ដើម្បីព្យាយាមបញ្ចប់ជម្លោះជាអចិន្រ្តៃយ៍ ប៉ុន្តែកិច្ចចរចានោះបានទទួលបរាជ័យ ជាហេតុនាំឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យយោធាអាមេរិក បិទខ្ទប់កំពង់ផែទាំងអស់របស់អ៉ីរ៉ង់ នៅតំបន់ច្រកសមុទ្រ Hormuz៕