សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ អាចនឹងចាប់ផ្ដើមកិច្ចចរចាឡើងវិញក្នុងសប្ដាហ៍នេះ (Video inside)
15-04-2026 09:26
(អ៉ីស្លាម៉ាបាដ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាកិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់ អាចនឹងចាប់ផ្ដើមឡើងវិញនៅក្នុងប្រទេសប៉ាគីស្ថាន នៅ២ថ្ងៃខាងមុខ បន្ទាប់ពីបរាជ័យនៃកិច្ចចរចាកាលពីសប្ដាហ៍មុនបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនអនុវត្តការបិទខ្ទប់ លើកំពង់ផែអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមមន្ត្រីមកពីប៉ាគីស្ថាន អ៉ីរ៉ង់ និងក្រុមប្រទេសឈូងសមុទ្រក៏បាននិយាយដែរថាក្រុមអ្នកចរចាមកពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់អាចនឹងចាប់ផ្ដើមកិច្ចចរចាឡើងវិញ ក្នុងប្រទេសប៉ាគីស្ថាន ក្នុងសប្ដាហ៍នេះ បើទោះជាប្រភពពីមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់មិនបានបង្ហើបឱ្យដឹងពីការកំណត់កាលបរិច្ឆេទក៏ដោយ។
កាលពីថ្ងៃអង្គារនោះដែរ នៅឯព្រឹត្តិការណ៍មួយក្នុងរដ្ឋ Georgia អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏បាននិយាយដែរថាលោក ត្រាំ ពិតជាចង់ឈានដល់ កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ប៉ុន្តែនៅតែមានការមិនជឿទុកចិត្តគ្នាជាច្រើនរវាងប្រទេសទាំង២។ «អ្នកមិនអាចដោះស្រាយបញ្ហានោះ (សង្រ្គាមអ៉ីរ៉ង់) ត្រឹមពេលតែមួយយប់ បាននោះទេ»។ នេះជាការបន្ថែមរបស់លោក JD Vance។
គួរបញ្ជាក់ថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ក្នុងប្រទេសប៉ាគីស្ថានកាលពីសប្ដាហ៍មុនបានបិទបញ្ចប់ទៅដោយមិនមានកិច្ចព្រមព្រៀងអ្វីទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក មហិច្ឆតានុយក្លេអ៊ែររបស់អ៉ីរ៉ង់ គឺជាចំណុចខ្ទាស់ដ៏សំខាន់មួយ។ សហរដ្ឋអាមេរិកបានស្នើឱ្យអ៉ីរ៉ង់បញ្ឈប់ការសកម្មភាពនុយក្លេអ៊ែរទាំងអស់ រយៈពេល ២០ឆ្នាំ តែអ៉ីរ៉ង់ថាអាចផ្អាកបានត្រឹមរយៈពេល ៥ឆ្នាំ។ សហរដ្ឋអាមេរិកក៏បានទាមទារឱ្យសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចត្រូវបានយកចេញពីអ៉ីរ៉ង់ផងដែរ៕






