កូរ៉េខាងជើង ចាត់ទុកការចេញផ្សាយសៀវភៅខៀវរបស់ជប៉ុន ជាទង្វើបង្ករឿងធ្ងន់ធ្ងរ (Video inside)

15-04-2026 09:41

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦ បានចោទប្រកាន់ជប៉ុនពីទង្វើបង្ករឿងធ្ងន់ធ្ងរ បន្ទាប់ពីទីក្រុងតូក្យូបានបង្ហាញការប្រឆាំងជំទាស់ទៅនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង នៅក្នុងសៀវភៅខៀវប្រចាំឆ្នាំស្ដីពីការទូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កូរ៉េខាងជើង និងជប៉ុនមិនមានទំនាក់ទំនងការទូតផ្លូវការនឹងគ្នានោះទេ ហើយជាញឹកញាប់ទីក្រុងព្យុងយ៉ាងតែងតែរិះគន់ទីក្រុងតូក្យូ ពាក់ព័ន្ធនឹងការធ្វើអាណានិគមរបស់ជប៉ុន លើតំបន់ឧបទ្វីបកូរ៉េកាលពីអតីតកាល។ ក្រសួងការបរទេសជប៉ុនបានចេញផ្សាយសៀវភៅខៀវប្រចាំឆ្នាំរបស់ខ្លួនកាលពីសប្ដាហ៍មុន ដែលបង្ហាញលម្អិតពីទស្សនៈការទូតផ្លូវការរបស់ជប៉ុន និងគូសបញ្ជាក់ឡើងវិញពីការប្រឆាំងជំទាស់ទៅនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA មន្ត្រីម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើងបានរិះគន់សៀវភៅខៀវ របស់ ទីក្រុងតូក្យូដោយនិយាយថាវាជាជំហរបង្ករឿងធ្ងន់ធ្ងរដែលបំពានលើសិទ្ធិអធិបតេយ្យ ផលប្រយោជន៍សន្តិសុខ និងសិទ្ធិក្នុងការអភិវឌ្ឍរបស់កូរ៉េខាងជើង។ មន្ត្រីរូបនេះដដែលបានបន្ថែមថាវិធានរបស់កូរ៉េខាងជើងដើម្បីជំរុញសមត្ថភាពការពារជាតិគឺជាសិទ្ធិស្វ័យការពារ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានទទូចជារឿយៗថាខ្លួននឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយក្រុមអ្នកជំនាញយល់ថាប្រតិបត្តិការយោធារបស់អាមេរិកប្រឆាំងវ៉េណេស៊ុយអេឡា ដោយបានចាប់ខ្លួនមេដឹកនាំនៃប្រទេសនេះ និងសង្រ្គាមជាមួយអ៉ីរ៉ង់ នឹងកាន់តែពង្រឹងគោលជំហរបែបនេះរបស់លោក គីម ជុងអ៊ុន។

ក្នុងសៀវភៅខៀវរបស់ខ្លួន ជប៉ុនក៏បានបង្ហាញការព្រួយបារម្ភផងដែរដែលកូរ៉េខាងជើងបញ្ជូនកងទ័ព និងអាវុធទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ សៀវភៅខៀវនេះថែមទាំងបានបន្ថយការវាយតម្លៃចំពោះចិនជាលើកដំបូងក្នុងពេល ១០ឆ្នាំមកនេះ ដោយហៅចិនថាជាប្រទេសជិតខាងសំខាន់មួយ ជំនួសឱ្យការហៅចិនជាប្រទេសដ៏សំខាន់បំផុតមួយក្នុងចំណោមប្រទេសជាដៃគូដ៏សំខាន់បំផុតរបស់ជប៉ុន។

នេះជាសញ្ញាបញ្ជាក់ពីការធ្លាក់ចុះទំនាក់ទំនងរវាងតូក្យូ និងប៉េកាំង ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងថាជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីចិនវាយប្រហារលើតៃវ៉ាន់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥៕