កាណាដា អង់គ្លេស អូស្ត្រាលី និងជប៉ុន អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ការវាយប្រហារក្នុងប្រទេសលីបង់ (Video inside)
15-04-2026 11:59
(វ៉ាស៊ីនតោន)៖ កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន និងប្រទេសចំនួន៦ផ្សេងទៀត បានថ្កោលទោសការសម្លាប់កងទ័ពមួកខៀវ UN នៅក្នុងប្រទេសលីបង់ ខណៈអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវរាល់ការវាយប្រហារទាំងអស់នៅក្នុងប្រទេសមួយនេះជាទីដែលការវាយប្រហាររបស់អ៉ីស្រាអែលបានសម្លាប់មនុស្សច្រើនជាង ២០០០នាក់ ចាប់តាំងពីខែមីនាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ និងមិនបាននិយាយចំឈ្មោះអ៉ីស្រាអែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឬក្រុមហេសបូឡា គាំទ្រដោយអ៉ីរ៉ង់ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី ឥណ្ឌូណេស៊ី ជប៉ុន ហ្ស៊កដានី សៀរ៉ាឡេអូន ស្វីស និងចក្រភពអង់គ្លេស ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះស្ថានការណ៍មនុស្សធម៌ដែលកាន់តែធ្លាក់ចុះដុនដាប និងវិបត្តិជនភៀសសឹកនៅក្នុងប្រទេសលីបង់។
សេចក្ដីថ្លែងការណ៍រួមខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីកងទ័ពមួកខៀវឥណ្ឌូណេស៊ី ៣នាក់ត្រូវបានសម្លាប់កាលពីខែមីនាកន្លងទៅ។ UN បាននិយាយថាការស៊ើបអង្កេតបឋម បានឱ្យដឹងថាក្នុងចំណោមកងទ័ពមួកខៀវទាំង៣នាក់ មានម្នាក់ត្រូវបានសម្លាប់ដោយគ្រាប់ផ្លោងបាញ់ចេញពីរថក្រោះអ៉ីស្រាអែល និង២នាក់ផ្សេងទៀតត្រូវបានសម្លាប់ដោយសារតែ គ្រាប់បែកបង្កៃដោយក្រុមហេសបូឡា។ អ៉ីស្រាអែលបានបង្កើនការវាយប្រហារលើលីបង់ បន្ទាប់ពីហេសបូឡាបានបាញ់មីស៊ីលលើអ៉ីស្រាអែលកាលពីថ្ងៃទី២ ខែមីនា ពោលក្រោយ សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ឈានចូលថ្ងៃទី៣។
អ៉ីស្រាអែលក៏បានពង្រីកប្រតិបត្តិការលុកលុយថ្មើរជើងនៅតំបន់ភាគខាងត្បូងលីបង់ផងដែរ ជាមួយការបង្គាប់ឱ្យប្រជាជនរាប់សែននាក់ជម្លៀសខ្លួនចេញ។ ការវាយប្រហាររបស់ អ៉ីស្រាអែល បានសម្លាប់មនុស្សច្រើនជាង ២០០០នាក់ និងបង្ខំឱ្យប្រជាជនលីបង់ ១.២លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕









