ទិន្នន័យបង្ហាញថា ថ្ងៃដំបូងនៃការបិទខ្ទប់របស់អាមេរិក មិនសូវមានផលប៉ះពាល់ដល់ចរាចរណ៍នាវានៅច្រកសមុទ្រហ័រមូសឡើយ

15-04-2026 19:16

(ឡុងដ៍)៖ ថ្ងៃដំបូងនៃការអនុវត្តវិធានការបិទខ្ទប់របស់សហរដ្ឋអាមេរិកទៅលើនាវាដែលចេញចូលកំពង់ផែអ៊ីរ៉ង់ ហាក់មិនសូវមានឥទ្ធិពលទៅលើចរាចរណ៍នៅច្រកសមុទ្រហ័រមូសនោះទេ កាលពីថ្ងៃអង្គារ ដោយទិន្នន័យបង្ហាញថានាវាចំនួនយ៉ាងតិច ៨គ្រឿង រួមទាំងនាវាដឹកប្រេងដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ចំនួន ៣គ្រឿងផង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបិទខ្ទប់នេះត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅប្រទេសប៉ាគីស្ថានទទួលបរាជ័យ ដែលធ្វើឱ្យចរាចរណ៍ជារួមធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងមុនពេលសង្គ្រាមផ្ទុះឡើងនៅចុងខែកុម្ភៈ។ ទោះជាយ៉ាងណា បញ្ជាការដ្ឋានកណ្តាលរបស់យោធាអាមេរិកបានអះអាងថា ក្នុងរយៈពេល ២៤ម៉ោងដំបូង មិនមាននាវាណាមួយអាចឆ្លងកាត់ការបិទខ្ទប់ឆ្ពោះទៅកាន់អ៊ីរ៉ង់បានឡើយ ដោយនាវាចំនួន ៦គ្រឿងបានយល់ព្រមបង្វែរទិសដៅត្រឡប់ទៅកាន់កំពង់ផែអ៊ីរ៉ង់វិញ តាមការបង្គាប់បញ្ជារបស់កងទ័ពអាមេរិក។

ចំពោះនាវាទាំង ៣គ្រឿងដែលជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់ ប៉ុន្តែអាចឆ្លងកាត់ការបិទខ្ទប់បាននោះ គឺដោយសារតែពួកវាមិនបានធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែរបស់ប្រទេសអ៊ីរ៉ង់ឡើយ ពោលគឺកំពុងឆ្ពោះទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ាក់។ ជុំវិញបញ្ហានេះ ក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ បានថ្កោលទោសចំណាត់ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក ថាជាទង្វើ «គ្រោះថ្នាក់ និងខ្វះការទទួលខុសត្រូវ» ព្រមទាំងព្រមានថាវានឹងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀត៕