ជប៉ុនត្រៀមបើកចំហការនាំចេញអាវុធធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២
15-04-2026 20:41
(តូក្យូ)៖ ផែនការបន្ធូរបន្ថយច្បាប់នាំចេញអាវុធរបស់ប្រទេសជប៉ុន ដែលត្រៀមនឹងចូលជាធរមានក្នុងខែនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសនានា។ ការផ្លាស់ប្តូរនេះធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងមានភាពមិនច្បាស់លាស់ជុំវិញការប្តេជ្ញាចិត្តផ្នែកសន្តិសុខចំពោះសម្ព័ន្ធមិត្ត ហើយការផ្គត់ផ្គង់អាវុធរបស់អាមេរិកក៏កំពុងរងសម្ពាធយ៉ាងខ្លាំងដោយសារសង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែនផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះបីជាជប៉ុនបានដាក់ខ្លួនឯងឱ្យនៅឯកោពីទីផ្សារអាវុធសកលចាប់តាំងពីសង្គ្រាមលោកលើកទី២ ក៏ដោយ ក៏ប្រទេសនេះនៅតែមានសមត្ថភាពខ្ពស់ក្នុងការផលិតប្រព័ន្ធអាវុធទំនើបៗ។ ក្រុមមន្ត្រីបានបង្ហើបថា ហ្វីលីពីនអាចនឹងក្លាយជាអតិថិជនដំបូងគេដែលទទួលបានការយល់ព្រមទិញនាវាចម្បាំង និងប្រព័ន្ធការពារមីស៊ីលពីជប៉ុន ដើម្បីទប់ទល់នឹងជម្លោះដែនសមុទ្រជាមួយចិន។ ចំណែកឯប្រទេសប៉ូឡូញ ក៏កំពុងសម្លឹងមើលកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក (Drone) និងសង្គ្រាមអេឡិចត្រូនិកផងដែរ។
ទន្ទឹមនឹងនេះ ក្រុមអ្នកការទូតអឺរ៉ុបបានចាត់ទុកការបើកចំហរបស់ជប៉ុន គឺជាឱកាសដ៏ល្អដើម្បីកាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំងទៅលើអាវុធអាមេរិក ខណៈដែលភាពមិនអាចទាយទុកជាមុនបានរបស់លោក ត្រាំ ដូចជាការគំរាមចាកចេញពីអង្គការណាតូ (NATO) បានជំរុញឱ្យពួកគេត្រូវតែស្វែងរកប្រភពផ្គត់ផ្គង់ថ្មី។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនតែងតែគាំទ្រឱ្យជប៉ុនកែទម្រង់ការនាំចេញ ដើម្បីចូលរួមចំណែកការពារសន្តិសុខរួមឱ្យកាន់តែច្រើន ផ្ទុយពីទីក្រុងប៉េកាំងដែលបានសម្តែងការព្រួយបារម្ភ និងអំពាវនាវឱ្យទីក្រុងតូក្យូប្រុងប្រយ័ត្នខ្ពស់ចំពោះការសម្រេចចិត្តក្នុងវិស័យយោធានេះ៕









