ករណីបាញ់ប្រហារនៅសាលារៀនក្នុងប្រទេសតួកគីយ៉េ សម្លាប់មនុស្ស ៤នាក់ និង២០នាក់ផ្សេងទៀតរងរបួស

15-04-2026 21:52

(អ៊ីស្តង់ប៊ុល)៖ សិស្សម្នាក់បានបើកការបាញ់ប្រហារយ៉ាងអនាធិបតេយ្យនៅក្នុងសាលារៀនមួយនៃប្រទេសតួកគីយ៉េ កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្សចំនួន ៤នាក់ស្លាប់ និង ២០នាក់ផ្សេងទៀតរងរបួស។ សោកនាដកម្មនេះកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបាញ់ប្រហារដ៏រន្ធត់មួយនៅសាលារៀនមួយផ្សេងទៀត។ នេះបើតាមការចេញផ្សាយ ដោយបណ្តាញព័ត៌មានអន្តរជាតិ។

អភិបាលខេត្តការ៉ាម៉ាន់ម៉ារ៉ាស (Kahramanmaras) លោក មូខឺរ៉េម អ៊ុនលឿរ (Mukerrem Unluer) បានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរួមមានគ្រូបង្រៀនម្នាក់ និងសិស្សបីនាក់។ លោកបានថ្លែងថា៖ «សិស្សរូបនេះបានយកកាំភ្លើងដែលយើងជឿថាជារបស់ឪពុកគេ ដាក់ក្នុងកាបូបស្ពាយមកសាលា រួចបានចូលទៅកាន់បន្ទប់រៀនចំនួនពីរ ហើយបើកការបាញ់ប្រហារតែម្តង»។ ជុំវិញហេតុការណ៍នេះ រដ្ឋមន្ត្រីយុត្តិធម៌តួកគីយ៉េ លោក អាគីន ហ្គួរឡេក (Akin Gurlek) បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ខណៈប៉ូលិសបានរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹងនៅជុំវិញកន្លែងកើតហេតុ។

គួររំលឹកថា កាលពីថ្ងៃអង្គារ ក៏មានករណីអតីតសិស្សម្នាក់បានបើកការបាញ់ប្រហារនៅវិទ្យាល័យចាស់របស់ខ្លួនក្នុងខេត្តសាន់លីអ៊ូហ្វា (Sanliurfa) ផងដែរ ដោយបានបណ្តាលឱ្យមនុស្ស ១៦នាក់រងរបួស មុនពេលជនដៃដល់បាញ់សម្លាប់ខ្លួនឯងនៅពេលប្រឈមមុខជាមួយប៉ូលិស។ ទោះជាយ៉ាងណាក្តី អំពើហិង្សាដោយការបាញ់ប្រហារនៅសាលារៀនក្នុងប្រទេសតួកគីយ៉េនេះ គឺជារឿងដែលកម្រនឹងកើតមានណាស់ ដោយករណីកក្រើកចុងក្រោយកើតឡើងកាលពីខែឧសភា ឆ្នាំ២០២៤ ដែលពេលនោះអតីតសិស្សម្នាក់បានបាញ់សម្លាប់នាយកសាលាវិទ្យាល័យឯកជនមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីខ្លួនត្រូវបានបណ្តេញចេញ៕