ប្រធានាធិបតីលីបង់ និយាយថាប្រទេសរបស់លោក លែងជាទីលានធ្វើសង្រ្គាមរបស់នរណាម្នាក់ទៀតឡើយ (Video inside)

18-04-2026 09:45

(បេរូត)៖ ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាប្រទេសរបស់លោកខិតកាន់កៀកនឹងដំណាក់កាលថ្មីមួយនៃកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ បន្ទាប់ពីបទឈប់បាញ់រយៈពេល១០ថ្ងៃក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាបានចូលជាធរមាន ជាមួយការសង្កត់ធ្ងន់ថាប្រទេសរបស់លោកលែងជាទីលានធ្វើសង្រ្គាមរបស់នរណាម្នាក់ទៀត ឡើយ។។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Aoun ថ្លែងបែបនេះក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជនលីបង់ និងមានគោលបំណងបញ្ជូនសារទៅឱ្យក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់។ លីបង់បានធ្លាក់ចូលក្នុងភ្លើងសង្រ្គាមនៅថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់បើកការវាយប្រហារលើអ៉ីស្រាអែល ជាការសងសឹកឱ្យការស្លាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក​ Ali Khamenei។ ជាការសងសឹកវិញ អ៉ីស្រាអែល បានបើកការទម្លាក់គ្រាប់បែកលើលីបង់ និងបើកប្រតិបត្តិការកងទ័ពថ្មើរជើង ដោយបានសម្លាប់មនុស្សជិត ២៣០០នាក់ និងបង្ខំឱ្យមនុស្សជាង ១លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង។

នៅក្នុងសុន្ទរកថាជាលើកដំបូងរបស់លោកទៅកាន់ប្រជាជាតិលីបង់ ចាប់តាំងពីមានបទឈប់បាញ់ លោក Aoun បានកត់សម្គាល់ដូច្នេះថា «ឥលូវ យើងទាំងអស់គ្នាកំពុងឈរនៅពីមុខដំណាក់កាលថ្មី មួយ។ វាជាដំណាក់កាលអន្តរកាលដែលផ្ដើមចេញពីបទឈប់បាញ់ ឆ្ពោះទៅរកការធ្វើការលើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ដែលធានាសិទ្ធិនៃប្រជាជនរបស់យើង សាមគ្គីភាពនៃទឹកដីរបស់យើង និងអធិបតេយ្យ នៃប្រជាជាតិរបស់យើង»។ លោកបន្ថែមថា «នៅថ្ងៃនេះ យើងបានចរចាដើម្បីខ្លួនឯង...យើងលែងជាកូនអុកនៅក្នុងល្បែងរបស់នរណាម្នាក់ទៀតទេ ហើយក៏មិនមែនជាទីលានសម្រាប់សង្រ្គាមរបស់នរណាម្នាក់ទៀតនោះដែរ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានប្រកាសពីបទឈប់បាញ់១០ថ្ងៃរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា ហើយថាលោកផ្ទាល់រំពឹងថាលោក Aoun និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នឹងធ្វើទស្សនកិច្ចទៅកាន់សេតវិមានក្នុងពេល ៤ ទៅ៥ថ្ងៃខាងមុខ៕