លោក ត្រាំ គំរាមបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀង (Video inside)
18-04-2026 11:52
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ថារូបលោកមានផែនការបន្តរក្សាការអនុវត្តការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីរ៉ង់ទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ត្រាំ ក៏បានបញ្ជាក់ដែរថាលោកប្រហែលជានឹងមិនបន្តបទឈប់បាញ់ជាមួយអ៉ីរ៉ង់នោះទេ នៅក្រោយពេលបទឈប់បាញ់នេះត្រូវអស់សុពលភាពនៅថ្ងៃពុធសប្ដាហ៍ក្រោយ។ «ខ្ញុំប្រហែលជានឹងមិនបន្តបទឈប់បាញ់នោះទេ ប៉ុន្តែការបិទខ្ទប់អាចនឹងត្រូវបន្តអនុវត្ត»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
គួរបញ្ជាក់ថា អ៉ីរ៉ង់ នៅថ្ងៃសៅរ៍នេះដែរ បានគំរាមថានឹងបិទច្រកសមុទ្រ Hormuz ឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់។ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Bagher Ghalibaf បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើការបិទខ្ទប់នៅតែបន្ត នោះច្រកសមុទ្រ Hormuz នឹងមិនអាចបន្តបើកដំណើរការតទៅទៀតនោះទេ»។
លោក Ghalibaf បន្ថែមថាការបិទ ឬបើកច្រកសមុទ្រ Hormuz មិនមែនធ្វើឡើងនៅលើអ៉ីនធើណិតឡើយ ពោលគឺធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ដែលដឹងយ៉ាងច្បាស់ថាត្រូវធ្វើការឆ្លើយតបបែបណាទៅនឹងសកម្មភាពណាមួយរបស់ភាគីម្ខាងទៀត៕




