លោក ហ្សេលេនស្គី៖ អ៊ុយក្រែនជឿថារុស្ស៉ីនឹងព្យាយាមជាថ្មី ដើម្បីនាំបេឡារុសប្រឡូកចូលក្នុងសង្រ្គាម (Video inside)
18-04-2026 15:46
(Reuters)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាអ៊ុយក្រែនជឿជាក់ថារុស្ស៉ីបានត្រៀមការរៀបចំ មួយចំនួនដែលបង្ហាញថាពួកគេនឹងព្យាយាមសាជាថ្មីម្ដងទៀត ដើម្បីនាំបេឡារុសប្រឡូកចូលក្នុងសង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram ជាការឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថាជាព័ត៌មានសម្ងាត់ បញ្ចេញដោយមេបញ្ជាការកំពូលអ៊ុយក្រែន លោក Oleksandr Syrskyi។ «ផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ ការសាងសង់ផ្លូវនៅក្នុងតំបន់ដែលតភ្ជាប់ទៅកាន់អ៊ុយក្រែន និងការសាងសង់មូលដ្ឋានកាំភ្លើងធំ កំពុងធ្វើឡើងក្នុងតំបន់ព្រំដែនបេឡារុស។ យើងជឿជាក់ថារុស្ស៉ីនឹងព្យាយាមជាថ្មីម្ដងទៀតដើម្បីនាំបេឡារុសប្រឡូកចូលក្នុងសង្រ្គាម»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី។
គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី លោកផ្ទាល់បានព្រមានទៅកាន់មេដឹកនាំបេឡារុសថាអ៊ុយក្រែនបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារទឹកដី និងឯករាជ្យភាព របស់ខ្លួន។ មេដឹកនាំបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធម្នាក់របស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាតឱ្យកងទ័ពរុស្ស៉ី ប្រើប្រាស់ទឹកដីនៃប្រទេសរបស់លោកដើម្បីវាយលុកលុយចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។
លោក Lukashenko ដែលបានដឹកនាំបេឡារុសតាំងពីឆ្នាំ១៩៩៤មក បានអះអាងថារូបលោកមិនមានបំណងបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងនឹង អ៊ុយក្រែននោះទេ។ ប៉ុន្តែ បេឡារុសដែលមានព្រំដែនជាប់ប៉ូឡូញ លីទុយអានី និងឡេតូនីដែលសុទ្ធសឹងជាសមាជិក NATO បានយល់ព្រមឱ្យរុស្ស៉ីដាក់ពង្រាយ អាវុធនុយក្លេអ៊ែរតាក់ទិក និងមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៉ីនៅលើទឹកដីរបស់ខ្លួន៕





