អ៉ីរ៉ង់បិទច្រកសមុទ្រ Hormuz ឡើងវិញ ដោយសារតែការបិទខ្ទប់របស់សហរដ្ឋអាមេរិក (Video inside)

18-04-2026 16:07

(តេហេរ៉ង់)៖ ទីបញ្ជាការយោធាចម្រុះនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦ បានអះអាងថាខ្លួនបានបិទច្រកសមុទ្រ Hormuz ឡើងវិញ ដោយចោទថាសហរដ្ឋអាមេរិកបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ តាមរយៈការបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ក្រោយផ្លូវទឹកដ៏សំខាន់មួយនេះត្រូវបានបើកឡើងវិញមិនទាន់បានមួយថ្ងៃស្រួលបួលផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ IRIB កងម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានចោទប្រកាន់ថាសហរដ្ឋអាមេរិកបានក្បត់ពាក្យសន្យា ដោយនៅតែបន្តបិទខ្ទប់មិនឱ្យ កប៉ាល់ធ្វើដំណើរចេញចូលកំពង់ផែអ៉ីរ៉ង់។ សេចក្ដីថ្លែងការណ៍ដដែលក៏បានគូសបញ្ជាក់ផងដែរថា «រហូតទាល់តែសហរដ្ឋអាមេរិកស្ដារឡើងវិញនូវសេរីភាពនៃការធ្វើដំណើររបស់កប៉ាល់ ចេញចូលកំពង់ផែអ៉ីរ៉ង់ បើពុំដូច្នោះទេ ស្ថានការណ៍នៅក្នុងតំបន់ច្រកសមុទ្រ Hormuz នឹងបន្តស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់»

អ៉ីរ៉ង់បានប្រកាសពីការបើកច្រកសមុទ្រ Hormuz ឡើងវិញកាលពីថ្ងៃសុក្រម្សិលមិញ ជាការឆ្លើយតបទៅនឹងបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់។ ប៉ុន្តែ ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Bagher Ghalibaf នៅថ្ងៃសៅរ៍នេះដែរ បានគំរាមថានឹងបិទច្រកសមុទ្រ Hormuz ឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់។

ដោយឡែក ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមានផែនការ បន្តរក្សាការអនុវត្តការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ ព្រមទាំងបើកធ្វើប្រតិបត្តិការយោធាឡើងវិញ ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីរ៉ង់ទេនោះ៕