មានសេចក្តីរាយការណ៍ពីការបាញ់ប្រហារកប៉ាល់ពីរគ្រឿង ឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលអ៉ីរ៉ង់ចេញសារព្រមាន
18-04-2026 19:43
(Hormuz)៖ ប្រភពពីសន្តិសុខដែនសមុទ្រ និងដឹកជញ្ជូន បានឱ្យដឹងថា យ៉ាងហោចណាស់កប៉ាល់ពាណិជ្ជកម្មពីរបានរាយការណ៍ថា ពួកគេបានរងនូវការបាញ់ប្រហារនៅពេលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz នាថ្ងៃសៅរ៍នេះ ភ្លាមៗបន្ទាប់ពីអ៉ីរ៉ង់ ប្រកាសថាខ្លួនកំពុងរឹតបន្តឹងការគ្រប់គ្រងផ្លូវទឹកនេះម្តងទៀត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មុននេះ ទិន្នន័យតាមដានចរាចរណ៍ផ្លូវសមុទ្រ បានបង្ហាញក្បួនកប៉ាល់ដឹកប្រេង ៨គ្រឿងកំពុងឆ្លងច្រកសមុទ្រ Hormuz ប៉ុន្តែក្រោយប្រកាសបេីកមិនទាន់បានមួយថ្ងៃផង អ៉ីរ៉ង់បាននិយាយថាខ្លួនកំពុងរៀបចំឡើងវិញនូវការគ្រប់គ្រងយោធាដ៏តឹងរ៉ឹងនៅលើផ្លូវទឹកដ៏សំខាន់នេះ។
ហើយនៅក្នុងសារគំរាមបង្ហោះលើគណនីតេឡេក្រាមនៃមេដឹកនាំកំពូល Mojtaba Khamenei លោកបាននិយាយថា កងទ័ពជើងទឹកអ៉ីរ៉ង់ត្រៀមរួចរាល់ហើយដើម្បីវាយប្រហារជាថ្មីលេីសត្រូវរបស់ខ្លួន។
តាមទីបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានត្រលប់ទៅរកស្ថានភាពគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយយោធាអ៉ីរ៉ង់ ដោយលើកឡើងពីអ្វីដែលខ្លួនបានពិពណ៌នាថាជាការបំពានម្តងហើយម្តងទៀតពីសំណាក់សហរដ្ឋអាមេរិក និងការបន្តបិទផ្លូវកំពង់ផែរបស់ខ្លួន។
ភ្លាមៗមិនមានការអត្ថាធិប្បាយពីសហរដ្ឋអាមេរិកទេ៕





