មន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់ ថាគ្មានការកំណត់កាលបរិច្ឆេទសម្រាប់កិច្ចចរចាបន្ទាប់ ជាមួយសហរដ្ឋអាមេរិក

18-04-2026 20:23

(តេហេរ៉ង់)៖ អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បាននិយាយថា គ្មានកាលបរិច្ឆេទណាមួយត្រូវបានកំណត់នោះទេ សម្រាប់ការចរចាបន្ទាប់រវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយបន្ថែមថាក្របខ័ណ្ឌនៃការយោគយល់គ្នាគួរតែត្រូវបានព្រមព្រៀងជាមុនសិន។ នេះបេីយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦។

លោក Saeed Khatibzadeh បានប្រាប់អ្នកយកព័ត៌មាននៅក្រៅវេទិកាការទូតមួយក្នុងខេត្ត Antalya ភាគខាងត្បូងនៃប្រទេសតួកគីយ៉េថា «ឥឡូវនេះ យើងកំពុងផ្តោតលើការបញ្ចប់ក្របខ័ណ្ឌនៃការយោគយល់រវាងភាគីទាំងពីរ។ យើងមិនចង់ចូលទៅក្នុងការចរចា ឬកិច្ចប្រជុំណាមួយដែលនឹងត្រូវបរាជ័យ ហើយដែលអាចជាលេសប្រេីសម្រាប់បង្កេីនភាពតានតឹងថ្មីទេ»។

លោកបន្ថែមថា «រហូតទាល់តែមានការយល់ព្រមលើក្របខណ្ឌនេះ យើងមិនអាចកំណត់កាលបរិច្ឆេទបានទេ។ មានការវិវឌ្ឍគួរឱ្យកត់សម្គាល់កើតឡើងដែរ ប៉ុន្តែបន្ទាប់មក វិធីសាស្រ្តរបស់ភាគីម្ខាងទៀត បានរារាំងយើងមិនឱ្យឈានដល់កិច្ចព្រមព្រៀងមួយ»។ នេះជាការលេីកឡេីងរបស់លោកដោយសំដៅលើការទាមទាររបស់សហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។

នៅពេលត្រូវបានសាកសួរអំពីសេចក្តីរាយការណ៍ដែលថាអ៉ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ឡេីងវិញ នាថ្ងៃសៅរ៍នេះ លោក Khatibzadeh និយាយថាអ៉ីរ៉ង់ព្រមឱ្យមានការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់នាវាពាណិជ្ជកម្ម ស្របតាមលក្ខខណ្ឌនៃបទឈប់បាញ់ អ៉ីស្រាអែល-លីបង់កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែភាគីអាមេរិក ជាអ្នកបំពានដោយនិយាយថា នឹងបើកចំហ ច្រកលើកលែងតែសម្រាប់អ៉ីរ៉ង់ ហើយវាគឺជាហេតុផលដែលយើងឆ្លេីយតបថា ប្រសិនបើអាមេរិកបំពានលក្ខខណ្ឌនៃបទឈប់បាញ់ មិនគោរពពាក្យសន្យានោះវានឹងមានផលប៉ះពាល់ដល់ពួកគេ។

ជុំវិញ​ការអត្ថាធិប្បាយនេះ​ សហរដ្ឋអាមេរិកនៅមិនទាន់មានការឆ្លេីយតបទេ៕