ឥណ្ឌា ថាកប៉ាល់មួយគ្រឿងរបស់ខ្លួន បានរងការបាញ់ប្រហារនៅពេលឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃសៅរ៍នេះ
18-04-2026 21:36
(ញូវដេលី)៖ មន្រ្តីរដ្ឋាភិបាលឥណ្ឌា បានឱ្យដឹងថា កប៉ាល់ដឹកប្រេងឆៅមួយគ្រឿងដែលមានដោតទង់ជាតិឥណ្ឌា ត្រូវបានវាយប្រហារនាថ្ងៃសៅរ៍នេះ នៅពេលកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កប៉ាល់នោះឈ្មោះ Sanmar Herald ដោយប្រភពដដែលបានបន្ថែមថា នាវិកនៅលេីកប៉ាល់មានសុវត្ថិភាព ហេីយកប៉ាល់មិនបានរងការខូចខាតទេ។
យ៉ាងហោចណាស់ កប៉ាល់ពាណិជ្ជកម្មពីរគ្រឿងបានអះអាងថា ពួកគេបានរងនូវការវាយប្រហារពេលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃសៅរ៍នេះ។ ឥណ្ឌា បានកោះហៅឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំប្រទេសឥណ្ឌា ជុំវិញឧបទ្ទវហេតុដូចគ្នានេះ។
សារព័ត៌មាន CNN បានរាយការណ៍ថា យោងតាមអង្គការចរាចរណ៍ផ្លូវទឹកចក្រភពអង់គ្លេស ទូកកាំភ្លើងរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានបាញ់កប៉ាល់ដឹកប្រេងពីរគ្រឿងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃសៅរ៍នេះ។ វាបានកើតឡើងខណៈដែលយោធាអ៉ីរ៉ង់ប្រកាសរឹតបន្តឹងការឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញ ជាមួយការចោទប្រកាន់ថាសហរដ្ឋអាមេរិកបានរំលោភសេចក្តីទុកចិត្តម្តងហើយម្តងទៀត៕




