អាមេរិកបន្តអនុញ្ញាតឱ្យប្រទេសនានាទិញប្រេងរុស្ស៉ី រយៈពេល១ខែទៀត

19-04-2026 11:53

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី១៧ ខែមេសា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបន្តលើកលែងទណ្ឌកម្មរយៈពេល១ខែទៀត ដើម្បីឱ្យប្រទេសនានាអាចទិញប្រេងពីរុស្ស៉ី ដើម្បីទប់ទល់ការកើនឡើងតម្លៃថាមពលសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការសម្រេចដូចខាងលើអនុញ្ញាតការទិញប្រេងឆៅនិងផលិតផលប្រេងរបស់រុស្ស៉ី ដែលត្រូវបានលើកដាក់ទៅលើកប៉ាល់នានារួចស្រាប់ គិតត្រឹមថ្ងៃសុក្រ រហូតដល់​ថ្ងៃទី១៦ ខែឧសភា។ វាគឺជាការបន្តលើកលែងទណ្ឌកម្មរបស់អាមេរិកលើប្រេងរុស្ស៉ី ដែលបានផុតសុពលភាពកាលពីថ្ងៃទី១១ ខែមេសា។ ការបន្តលើកលែងនេះ គឺបន្ទាប់ពីរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៉ីនតោន នឹងមិនធ្វើបែបនោះទេ។

គួរបញ្ជាក់ថា ចំណាត់ការរបស់ទីក្រុងវ៉ាស៉ីនតោន មានគោលដៅដើម្បីបន្ធូរបន្ថយផលរំខានធ្ងន់ធ្ងរ ចំពោះការផ្គត់ផ្គង់ថាមពលរបស់ពិភពលោក បណ្តាលមក​ពីសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ហើយឥឡូវកំពុងស្ថិតក្នុងបទឈប់បាញ់ដ៏ផុយស្រួយ។ យ៉ាងណាមិញ មានការព្រួយបារម្ភថា វាអាចនឹងធ្វើឱ្យស្មុគស្មាញចំពោះ កិច្ចប្រឹងប្រែងបិទខ្ទប់ចំណូលប្រេងដែលរុស្ស៉ី ត្រូវការចាំបាច់ដើម្បីយកទៅទ្រទ្រង់ការធ្វើសង្រ្គាមនៅ​អ៊ុយក្រែន។ គណបក្សប្រជាធិបតេយ្យនៅអាមេរិក បាននិយាយថា លោក ពូទីន បានក្លាយជាអ្នកទទួលផលចំណេញដ៏ធំ នៃសង្រ្គាមរបស់លោក ត្រាំ ប្រឆាំងអ៉ីរ៉ង់ ខណៈរុស្ស៉ីបានមើលឃើញចំណូលប្រេងរបស់ខ្លួន កើនឡើងសឹងទ្វេដង កាលពីក្នុងខែមីនា៕