តួកគីយ៉េ ចោទអ៉ីស្រាអែលថាប្រើបញ្ហាសន្តិសុខជាលេស ដើម្បីពង្រីកទឹកដី
19-04-2026 13:57
(អង់ការ៉ា)៖ កាលពីថ្ងៃសៅរ៍ ទី១៨ ខែមេសា ប្រមុខការទូតតួកគីយ៉េ បានចោទប្រកាន់អ៉ីស្រាអែលថា កំពុងបំភាន់ភ្នែកអន្តរជាតិ ហើយប្រើប្រាស់ក្តីកង្វល់ផ្នែកសន្តិសុខ ជាលេសដើម្បីពង្រីកទឹកដី ចំពោះមុខការកើនឡើងភាពតានតឹងរវាងប្រទេសទាំងពីរ ជុំវិញបញ្ហាក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្រ្តីការបរទេសតួកគីយ៉េ លោក Hakan Fidan បាននិយាយថា «អ៉ីស្រាអែលមិនមែនធ្វើដើម្បីសន្តិសុខរបស់ខ្លួនទេ គឺអ៉ីស្រាអែលចង់បានទឹកដីថែមទៀត។ បញ្ហាសន្តិសុខកំពុងត្រូវបានរដ្ឋាភិបាលនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ប្រើជាលេស ដើម្បីកាន់កាប់ទឹកដីបន្ថែម។ លោក Fidan បានបន្តថា អ៉ីស្រាអែលបានបំភាន់ភ្នែកអន្តរជាតិ តាមរយៈការព្យាយាមបង្ហាញថា សកម្មភាពនានារបស់អ៉ីស្រាអែល គឺដើម្បីតែការពារខ្លួនឯងសុទ្ធសាធ ប៉ុន្តែការពិតបានលេចចេញកាន់តែច្បាស់ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយមកនេះ។
លោកប្រមុខការទូតតួកគីយ៉េ បានលើកឡើងថា រាប់ចាប់តាំងពីដីរបស់ជនជាតិប៉ាឡេស្ទីន រួមមាន Gaza, West Bank និង Jerusalem ខាងកើត ហើយឥឡូវពង្រីកឆ្ពោះដល់លីបង់និងស៉ីរីថែមទៀត គឺអ៉ីស្រាអែលកំពុងមានមហិច្ឆតាពង្រីកការត្រួតត្រានិងទឹកដីនៅក្នុងតំបន់ ហើយលោកយល់ថា រឿងបែបនេះត្រូវតែឈប់។ លោក Fidan បានបន្ថែមថា អ៉ីស្រាអែលចាំបាច់ត្រូវដឹងថា មធ្យោបាយតែមួយគត់ ដើម្បីរស់នៅដោយសន្តិភាពក្នុងតំបន់ គឺអនុញ្ញាតឱ្យប្រទេសដទៃទៀត ទទួលបានសន្តិសុខ បូរណភាពទឹកដី និងសេរីភាពរបស់ពួកគេ មិនមែនប្រើកម្លាំងនិងអំណាចប្រឆាំងពួកគេនោះឡើយ។
គួរបញ្ជាក់ថា តួកគីនិងអ៉ីស្រាអែល បានបន្តស៊កសៀតពាក្យសម្តីឌឺដងដាក់គ្នាទៅវីញទៅមកស្ទើររៀងរាល់ថ្ងៃ ជុំវិញបញ្ហាជម្លោះជាច្រើននៅក្នុងតំបន់ រាប់ចាប់ពីសង្រ្គាមអ៉ីស្រាអែលនៅ Gaza និងការកើនឡើងភាពតានតឹងពាក់ព័ន្ធជាមួយអ៉ីរ៉ង់៕







