សហរដ្ឋអាមេរិក រឹបអូសកប៉ាល់ដឹកទំនិញអ៉ីរ៉ង់ តេហេរ៉ង់គំរាមសងសឹក (Video inside)

20-04-2026 09:02

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៉ីរ៉ង់ដែលព្យាយាមទម្លុះការបិទខ្ទប់របស់ខ្លួន ខណៈអ៉ីរ៉ង់គំរាមសងសឹក នៅចំពោះមុខការព្រួយបារម្ភពីការចាប់ផ្ដើមសង្រ្គាមឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

កិច្ចប្រឹងប្រែងកសាងសន្តិភាពយូរអង្វែងក្នុងតំបន់មជ្ឈិមបូព៌ាហាក់ដូចជាកំពុងបរាជ័យ បន្ទាប់ពីអ៉ីរ៉ង់បានអះអាងថានឹងមិនចូលរួមកិច្ចចរចាជុំទី២ដែលសហរដ្ឋអាមេរិករំពឹងថាអាចនឹងធ្វើឡើង មុនបទឈប់បាញ់ផុតសុពលភាពនៅថ្ងៃអង្គារសប្ដាហ៍នេះឡើយ។ សហរដ្ឋអាមេរិកបានបន្តរក្សាការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ស្របពេលដែលអ៉ីរ៉ង់បានបើក ហើយក៏បិទច្រកសមុទ្រ Hormuz ឡើងវិញ។ យោធាអាមេរិក កាលពីថ្ងៃអាទិត្យបានដឹងថាខ្លួនបានបាញ់រះ និងរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងដោតទង់ជាតិអ៉ីរ៉ង់ដែលធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Bandar Abbas របស់អ៉ីរ៉ង់។

«យើងបានឃាត់ទុកកប៉ាល់របស់ពួកគេទាំងស្រុង ហើយកំពុងពិនិត្យមើលថាតើមានអ្វីខ្លះនៅលើនោះ»។ នេះជាការគូសបញ្ជាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅលើ បណ្ដាញទំនាក់ទំនងសង្គម។ តាមយោធាអ៉ីរ៉ង់វិញ កប៉ាល់ដឹកទំនិញខាងលើបានធ្វើដំណើរចេញពីប្រទេសចិន។ យោធាអ៉ីរ៉ង់បានព្រមានដូច្នេះថា «យើងសូមព្រមានថាកងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់នឹងធ្វើការឆ្លើយតបក្នុងពេលឆាប់ៗ ហើយសងសឹកប្រឆាំងទង្វើចោរសមុទ្រប្រព្រឹត្តដោយយោធាអាមេរិក»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ទីក្រុងតេហេរ៉ង់បានទាត់ចោលកិច្ចចរចាសន្តិភាពជុំទី២ជាមួយសហរដ្ឋអាមេរិក ដោយសារតែទីក្រុងវ៉ាស៊ីនតោននៅតែបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់។ លោក ត្រាំ បានអះអាងថាយោធាអាមេរិកនឹងបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ រហូតទាល់តែសម្រេចបានកិច្ចព្រមព្រៀង ហើយមិនតែប៉ុណ្ណោះលោកក៏បានគំរាមសាជាថ្មីដែរថានឹងទម្លាក់គ្រាប់បែក កម្ទេចអ៉ីរ៉ង់ឱ្យក្លាយជាទៅជាផេះ ប្រសិនបើតេហេរ៉ង់មិនព្រមទទួលលក្ខខណ្ឌរបស់លោកដើម្បីបិទបញ្ចប់សង្រ្គាមទេនោះ៕