សហរដ្ឋអាមេរិក និងហ្វីលីពីន ចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ចំពោះមុខសង្រ្គាមអ៉ីរ៉ង់ (Video inside)
20-04-2026 09:58
(ម៉ានីល)៖ កងទ័ពអាមេរិក និងហ្វីលីពីន ដោយមានការចូលរួមពីកងទ័ពជប៉ុនផងនោះបានចាប់ផ្ដើមបើកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ បើទោះជាសហរដ្ឋអាមេរិក កំពុងជាប់ដៃក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សមយុទ្ធយោធាប្រចាំឆ្នាំមានឈ្មោះជាភាសាហ្វីលីពីនថា Balikatan ឬប្រកៀកស្មា នឹងប្រព្រឹត្តទៅដោយមានការបាញ់គ្រាប់ពិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីន ទល់មុខនឹងច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងខេត្តមួយស្ថិតនៅក្បែរតំបន់ជម្លោះសមុទ្រចិនខាងត្បូងជាទីដែលហ្វីលីពីន និងចិនតែងតែប្រឈមមុខដាក់គ្នាជារឿយៗ។ លោកវរសេនីយ៍ឯក Dennis Hernandez ជាអ្នកនាំពាក្យរបស់ យោធាហ្វីលីពីនបាននិយាយថាយោធាជប៉ុនដែលបានបញ្ជូនកងទ័ព ១៤០០នាក់មកចូលរួមក្នុងសមយុទ្ធយោធា Balikatan ដែរនោះ នឹងប្រើប្រាស់មីស៊ីលគ្រូស Type 88 មួយគ្រាប់ បាញ់ពន្លិច គោលដៅដែលត្រូវបានរៀបចំទុកនៅឯឆ្នេរ Paoay នៃភាគខាងជើងប្រទេសហ្វីលីពីន។
កងទ័ពច្រើនជាង ១៧០០០នាក់ ក្នុងនោះមានទាំងកងទ័ពអាកាស និងជើងទឹក នឹងត្រូវចូលរួមក្នុងសមយុទ្ធ Balikatan មានរយៈពេល១៩ថ្ងៃ។ ក្រៅពីជប៉ុន អូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា ក៏បានបញ្ជូនកងទ័ពចូលរួមក្នុងសមយុទ្ធនេះដែរ។ «Balikatan...ជាឱកាសមួយដើម្បីបង្ហាញពីសម្ព័ន្ធភាពយ៉ាងរឹងមាំរបស់យើងជាមួយហ្វីលីពីន និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើង ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ នេះជាការគូសបញ្ជាក់របស់លោកវរសេនីយ៍ឯកអាមេរិក Robert Bunn។ លោកបានបន្ថែមថាសង្រ្គាមជាមួយអ៉ីរ៉ង់ក្នុងតំបន់មជ្ឈិមបូព៌ាមិនបានធ្វើឱ្យ ប៉ះពាល់ដល់ចំនួនកងទ័ពអាមេរិកដែលចូលរួមក្នុងសមយុទ្ធ Balikatan នោះទេ តែលោកក៏មិនបានបញ្ជាក់ពីតួលេខជាក់លាក់នៃកងទ័ពអាមេរិកដែលចូលរួមក្នុងសមយុទ្ធនេះនោះដែរ។
គួរបញ្ជាក់ថា សមយុទ្ធ Balikatan ធ្វើឡើងចំពេលបទឈប់បាញ់ក្នុងសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ នឹងត្រូវអស់សុពលភាពនៅថ្ងៃអង្គារសប្ដាហ៍នេះ។ សង្រ្គាមនេះ បានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ ហើយហ្វីលីពីនក៏ស្ថិតក្នុងចំណោមប្រទេសរងផលប៉ះពាល់ខ្លាំងផងដែរ។ សមយុទ្ធនេះដែរធ្វើឡើងចំពេលទីក្រុងប៉េកាំងកំពុងបង្កើនសម្ពាធយោធាលើតៃវ៉ាន់។
លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ថា ដោយសារតែប្រទេសរបស់លោកមានទីតាំងភូមិសាស្ត្រស្ថិតនៅកៀកនឹងតៃវ៉ាន់ ដូច្នេះសង្រ្គាមណាមួយនៅតៃវ៉ាន់ក៏អាចនឹងធ្វើឱ្យហ្វីលីពីនធ្លាក់ចូលក្នុងជម្លោះផងដែរ៕




