លោក ហ្សេលេនស្គី ថ្កោលទោសការបន្ធូរបន្ថយទណ្ឌកម្មប្រេងសម្រាប់រុស្ស៉ី (Video inside)

20-04-2026 10:26

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ បានថ្កោលទោសការបន្ធូរបន្ថយទណ្ឌកម្មលើប្រេងរបស់រុស្ស៉ី បន្ទាប់ពី សហរដ្ឋអាមេរិកបានសម្រេចបន្តលើកលែងទណ្ឌកម្ម ដើម្បីឱ្យប្រទេសនានាអាចទិញប្រេងពីរុស្ស៉ីសំដៅទប់ទល់ការកើនឡើងតម្លៃថាមពលសកល ដោយសារតែសង្គ្រាមអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ហ្សេលេនស្គី ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X បាននិយាយថាគ្រប់លុយដុល្លារដែលត្រូវបានចំណាយដើម្បីទិញប្រេងពីរុស្ស៉ី គឺស្មើនឹងការឱ្យលុយរុស្ស៉ីដើម្បី អាចបន្តធ្វើសង្រ្គាម ហើយលុយរាប់ពាន់លានដុល្លារដែលរុស្ស៉ីរកបានពីការលក់ប្រេងនឹងត្រូវបានយកទៅប្រើក្នុងការវាយប្រហារដ៏បំផ្លិចបំផ្លាញប្រឆាំងនឹងអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនមិនបានលើកឡើងចំឈ្មោះសហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែកាលពីថ្ងៃសុក្រ ទី១៧ ខែមេសា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបន្តលើកលែងទណ្ឌកម្មរយៈពេល១ខែទៀត ដើម្បីឱ្យប្រទេសនានាអាចទិញប្រេងពីរុស្ស៉ី។ ការសម្រេចនេះនឹងអនុញ្ញាតប្រទេសដទៃទិញប្រេងឆៅ និងផលិតផលប្រេងរបស់ រុស្ស៉ីដែលត្រូវបានលើកដាក់ទៅលើកប៉ាល់នានារួចស្រាប់ គិតត្រឹមថ្ងៃសុក្រ រហូតដល់​ថ្ងៃទី១៦ ខែឧសភា។ វាគឺជាការបន្តលើកលែងទណ្ឌកម្មរបស់អាមេរិកលើប្រេងរុស្ស៉ី ដែលបានផុតសុពលភាពកាលពីថ្ងៃទី១១ ខែមេសា៕