នាយករដ្ឋមន្រ្តី Mark Carney លើកឡើងពីបច្ចុប្បន្នភាពទំនាក់ទំនងកាណាដា-អាមេរិក និងអតីតកាលនៃការឈ្លានពានឆ្នាំ១៨១២ (Video inside)
20-04-2026 11:24
(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា ទំនាក់ទំនងជិតស្និទ្ធរបស់កាណាដាជាមួយសហរដ្ឋអាមេរិក ដែលធ្លាប់តែជាចំណុចខ្លាំងបានប្រែទៅជាចំណុចខ្សោយ ហើយត្រូវការកែតម្រូវ នៅក្នុងសុន្ទរកថាជាវីដេអូមួយផ្ញើទៅកាន់ប្រជាជាតិ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ជាមួយការរំលឹកដល់វីរភាពនៃមេទ័ពមុនៗ ដែលបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក កាលពីជាងពីរសតវត្សកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមកាសែត Politico សុន្ទរកថាដែលមានរយៈពេល ១០នាទីនោះ លោក Carney គូសបញ្ជាក់ថា «ពិភពលោកជួបគ្រោះថ្នាក់ និងការបែកខ្ញែក។ សហរដ្ឋអាមេរិក ប្តូររបៀបធ្វើពាណិជ្ជកម្មជាមូលដ្ឋានរបស់ខ្លួន ដោយដំឡើងពន្ធដល់កម្រិតមិនធ្លាប់មាន។ ទំនាក់ទំនងជិតស្និទ្ធកាណាដា-អាមេរិក ដែលធ្លាប់តែខ្លាំងបានប្រែជាខ្សោយ ហើយត្រូវតែកែតម្រូវ»។
ជាមួយគ្នានេះ លោក Carney បានក៏និយាយថា កាណាដាមិនអាចគ្រប់គ្រងបំណងរំខានពីសំណាក់អាមេរិក ដែលជាប្រទេសជិតខាងរបស់ខ្លួនបានឡើយ ហើយក៏មិនគិតថាវាអាចនឹងបាត់ទៅវិញភ្លាមៗដែរ។ «ស្ថានភាពសព្វថ្ងៃគឺប្លែកពីគេ ប៉ុន្តែយើងធ្លាប់ប្រឈមនឹងការគំរាមកំហែងបែបនេះពីមុនមក»។ នេះជាការអត្ថាធិប្បាយរបស់លោក Carney ដោយសំដៅទៅអតីតកាលដែលមេទ័ពអង់គ្លេស លោក Isaac Brock និងឥស្សរជនប្រវត្តិសាស្ត្រកាណាដាច្រើនទៀត រួមទាំងមេទ័ព Tecumseh បានរួបរួមជាមួយជនជាតិដើមភាគតិច នៅទូទាំងតំបន់បឹង Great Lakes ដើម្បីទប់ទល់នឹងការពង្រីកខ្លួនរបស់សហរដ្ឋអាមេរិក ក្នុងសង្រ្គាមឈ្លានពានឆ្នាំ១៨១២។
លោក Carney ដែលទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងសភា សម្រាប់រដ្ឋាភិបាលសេរីរបស់លោក កាលពីសប្តាហ៍មុនបាននិយាយថា ជ័យជម្នះនេះនឹងជួយរូបលោកដោះស្រាយបានកាន់តែមានប្រសិទ្ធភាព នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលបានចាប់ផ្តើម ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ក្រៅពីការដាក់ពន្ធហើយនោះ កាណាដាក៏ប្រឈមមុខនឹងលោក ត្រាំ ដែលបាននិយយាថា ចង់ឱ្យប្រទេសនេះក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកផងដែរ៕





