អ៊ុយក្រែន ជំរុញឱ្យអឺរ៉ុបសាងសង់ប្រព័ន្ធប្រឆាំងមីស៉ីលបាលីស្ទិក (Video inside)

20-04-2026 11:55

(កៀវ)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ថាអឺរ៉ុបត្រូវតែមានប្រព័ន្ធការពារផ្ទាល់ខ្លួន ដើម្បីប្រឆាំងនឹងប្រភេទអាវុធផ្លោង ហើយអ៊ុយក្រែនកំពុងចរចាជាមួយប្រទេសជាច្រើន លើការផលិតប្រព័ន្ធនេះឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី ប្រាប់ទូរទស្សន៍ជាតិរបស់អ៊ុយក្រែន យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ ហើយគំនិតរបស់ខ្ញុំ គឺយើងគួរមានប្រព័ន្ធការពារ ប្រឆាំងនឹងមីស៉ីលបាលីស្ទិក ដែលជារបស់អឺរ៉ុប។ យើងកំពុងស្ថិតក្នុងពិភាក្សាជាមួយប្រទេសនានា ហើយកំពុងធ្វើការលើទិសដៅនេះ»។ លោកបន្ថែមថា «យើងត្រូវសង់ប្រព័ន្ធប្រឆាំងមីស៉ីលបាលីស្ទិកផ្ទាល់ខ្លួន ឱ្យបានក្នុងរយៈពេលមួយឆ្នាំ»

ការការពារពីមីស៊ីលបាលីស្ទិក គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់អ៊ុយក្រែន នៅក្នុងសង្គ្រាមជាមួយរុស្ស៉ី ដោយសារមានតែមីស៉ីលមួយចំនួន ដែលបាញ់ចេញពីខែលប្រឆាំងមីស៉ីល Patriot របស់អាមេរិកប៉ុណ្ណោះ ទើបមានសមត្ថភាពស្ទាក់ចាប់មីស៉ីលបាលីស្ទិករបស់រុស្ស៉ី៕