វៀតណាម គ្រោងពន្យារពេលកាត់បន្ថយពន្ធប្រើប្រាស់ លើរថយន្តអគ្គិសនី ដល់ឆ្នាំ២០៣០ (Video inside)
20-04-2026 15:00
(ហាណូយ)៖ ប្រទេសវៀតណាម មានគម្រោងពន្យារពេលកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើរថយន្តអគ្គិសនី (EVs) រយៈពេល ៤ឆ្នាំទៀត គឺរហូតដល់ចុងឆ្នាំ២០៣០ ក្នុងគោលបំណងជំរុញការលក់ និងកាត់បន្ថយការបំភាយឧស្ម័ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦។
ដោយដកស្រង់របាយការណ៍មួយពីក្រសួងហិរញ្ញវត្ថុ ការិយាល័យរដ្ឋសភាវៀតណាម បានឱ្យដឹងថា រដ្ឋាភិបាលនឹងដាក់សំណើពន្យារពេលមកកាន់សភា ដើម្បីសុំការអនុម័ត។ វៀតណាម បានកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើរថយន្តអគ្គិសនី ក្នុងខែមីនា ឆ្នាំ២០២២ មកនៅត្រឹមចន្លោះពី ១ភាគរយ ទៅ ៣ភាគរយ ដែលពីមុនយកពី ៤ភាគរយទៅ ១១ភាគរយ។ ការកាត់បន្ថយនោះនឹងបញ្ចប់នាខែកុម្ភៈ ឆ្នាំ២០២៧។
បន្ទាប់ពីការកាត់បន្ថយពន្ធ ការលក់រថយន្តអគ្គិសនីប្រចាំឆ្នាំនៅវៀតណាម បានកើនឡើងយ៉ាងខ្លាំង គឺពីជិត ៧ ០០០គ្រឿង ក្នុងឆ្នាំ២០២២ ដល់ជិត ១៧៥ ០០០គ្រឿង កាលពីឆ្នាំ២០២៥។ នេះបានរួមចំណែកដល់គោលដៅបំភាយឧស្ម័នដល់កម្រិតសូន្យ នៅឆ្នាំ២០៥០ របស់វៀតណាម។ រថយន្ត EV មួយគ្រឿងៗ បានជួយកាត់បន្ថយការបំភាយកាបូនឌីអុកស៉ីត ០.៨៥តោនក្នុងមួយឆ្នាំ បើធៀបនឹងរថយន្តសាំង៕







