ធុរជនតៃវ៉ាន់ ចង់ឱ្យទីក្រុងប៉េកាំង និងតៃប៉ិ កុំយកនយោបាយ មកលាយឡំនឹងពាណិជ្ជកម្ម (Video inside)

20-04-2026 16:27

(តៃប៉ិ)៖ ប្រធាន​ក្រុម​អ្នកធុរកិច្ច​កំពូល​មួយ​របស់​តៃវ៉ាន់ បាន​និយាយថា ទាំង​ទីក្រុង​ប៉េកាំង និង​តៃប៉ិ គួរតែ​ទុក​នយោបាយ ឱ្យដាច់ដោយឡែកពី​​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ បន្ទាប់​ពី​​ចិន​បង្ហាញ​ពី​ការ​លើកទឹកចិត្ត​ថ្មី​សម្រាប់​កោះ​តៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦។

លោក Paul Hsu ប្រធានសភាពាណិជ្ជកម្មចិនក្នុងកោះតៃវ៉ាន់ បានលើកឡើងថា «ដរាបណាមានការបើកចំហ វាគួរតែធ្វើឱ្យមានលក្ខណៈជាប្រព័ន្ធ និងមានលក្ខណៈធម្មតាតាមដែលអាចធ្វើទៅបាន ដើម្បីរក្សាស្ថិរភាពរយៈពេលវែងនៃការផ្លាស់ប្តូរអាជីវកម្ម និងពាណិជ្ជកម្ម»

នៅ​ទីក្រុង​តៃប៉ិ អមដោយតំណាង​មកពី​វិស័យ​ទេសចរណ៍ និង​ម្ហូបអាហារ​ លោក​ Hsu បាន​ជំរុញ​ឱ្យ​ចិន​ធានា​ស្ថិរភាព​ ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាជាងចង់បិទ ឬបើកស្រេចតែចិត្ត​។ ក្រុមធុរកិច្ចរបស់លោក Hsu ដែលតំណាងឱ្យជាងមួយលានក្រុមហ៊ុន បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋតៃវ៉ាន់ក៏គួរតែផ្តល់​នូវការបើកចំហដល់ចិនផងដែរ។

ជុំវិញការអំពាវនាវនេះ ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិន​ មិន​ទាន់​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការអត្ថាធិប្បាយ​ទេ៕