សហភាពអឺរ៉ុប ស្នើឱ្យមានការស្ដារកិច្ចសហប្រតិបត្តិការពេញលេញឡើងវិញជាមួយប្រទេសស៊ីរី (Video inside)
20-04-2026 21:40
(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុប បានស្នើឱ្យមានការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ១៩៧៨ ជាមួយប្រទេសស៊ីរីយ៉ាងពេញលេញ ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ មុនពេលឈានដល់ការចរចាផ្លូវការ ជាមួយអាជ្ញាធរស៊ីរីនៅខែឧសភាខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រទេសស៊ីរី ដែលត្រូវបានដកទណ្ឌកម្មភាគច្រើនពីលោកខាងលិចកាលពីចុងឆ្នាំមុន កំពុងស្វែងរកការធ្វើសមាហរណកម្មកាន់តែទូលំទូលាយទៅក្នុងសហគមន៍អន្តរជាតិ ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោក អះម៉ាត់ អាល់ហ្សារ៉ា (Ahmed al-Sharaa)។
គួរបញ្ជាក់ថា ការលើកឡើងនេះ កើតឡើងស្របពេលដែលបច្ចុប្បន្ននេះ ស៊ីរីបានក្លាយជាចំណុចឆ្លងកាត់យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់វិស័យថាមពល ជាពិសេសក្នុងអំឡុងពេលមានវិបត្តិថាមពលសកល ដែលបង្កឡើងដោយការបិទច្រកសមុទ្រហ័រមូសអំឡុងពេលសង្គ្រាមនៅអ៊ីរ៉ង់។ ទោះជាយ៉ាងណា សំណើនេះនៅចាំបាច់ត្រូវមានការអនុម័តជាផ្លូវការពីក្រុមប្រឹក្សាអឺរ៉ុបជាមុនសិន ទើបអាចចូលជាធរមានបាន៕




