លោក ត្រាំ បញ្ជាក់ថា អ៊ីស្រាអែលមិនដែលបញ្ចុះបញ្ចូលឱ្យលោកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ (Video inside)

20-04-2026 23:55

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃចន្ទនេះ​​ បានបដិសេធចំពោះសេចក្តីរាយការណ៍ដែលថា អ៊ីស្រាអែលបានបញ្ចុះបញ្ចូលឱ្យលោកបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដោយលោកអះអាងថា ការសម្រេចចិត្តនេះផ្អែកលើទស្សនៈផ្ទាល់ខ្លួន និងផលវិបាកនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសង្កត់ធ្ងន់ថា៖ «អ៊ីស្រាអែលមិនដែលបញ្ចុះបញ្ចូលខ្ញុំឱ្យធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ។ លទ្ធផលនៃព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា រួមផ្សំនឹងទស្សនៈដែលខ្ញុំមានពេញមួយជីវិតថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរដាច់ខាត គឺជាមូលហេតុពិតប្រាកដ»។

ស្របពេលជាមួយគ្នា មេដឹកនាំអាមេរិករូបនេះ ក៏បានបង្ហើបពីបំណងចង់ឃើញមាន «ការផ្លាស់ប្តូររបប» នៅប្រទេសអ៊ីរ៉ង់ផងដែរ ដោយលោកបានលើកឡើងថា ប្រសិនបើមេដឹកនាំថ្មីរបស់អ៊ីរ៉ង់មានភាពឆ្លាតវៃ ប្រទេសនេះនឹងអាចមានអនាគតដ៏រុងរឿង និងរីកចម្រើនជាមិនខាន។

គួរបញ្ជាក់ថា ការលើកឡើងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងព័ត៌មានដែលអះអាងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មានឥទ្ធិពលលើការសម្រេចចិត្តធ្វើសង្គ្រាមរបស់លោក៕