ជប៉ុនបើកចំហទ្វារទៅកាន់ទីផ្សារអាវុធសកល ជាមួយការបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញអាវុធ (Video inside)

21-04-2026 09:15

(តូក្យូ)៖ ជប៉ុន នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ បានបញ្ចេញការធ្វើកំណែទម្រង់ដ៏ធំបំផុតមួយរបស់ខ្លួនក្នុងពេលរាប់ទសវត្សរ៍មកនេះ ពាក់ព័ន្ធនឹងច្បាប់នាំចេញអាវុធ ដោយលុបចោលការរឹតត្បិតមួយផ្នែកធំលើការនាំចេញអាវុធទៅក្រៅប្រទេស និងត្រួសត្រាយផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៊ីល និងអាវុធជាច្រើនផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការធ្វើកំណែទម្រង់ខាងលើមានគោលដៅពង្រឹងឧស្សាហកម្មយោធារបស់ជប៉ុន តែវាក៏ជាការបោះជំហានមួយដ៏ធំចេញកាន់តែឆ្ងាយពីរដ្ឋធម្មនុញ្ញសន្តិនិយម ហើយអាចនឹងបង្កើន ភានតានតឹងជាមួយចិនផងដែរ។ ការផ្លាស់ប្ដូររបស់ជប៉ុននៅពេលនេះកើតមានឡើងចំពេលសង្រ្គាមនៅអ៊ុយក្រែន និងក្នុងតំបន់មជ្ឈិមបូព៌ាបាន និងកំពុងធ្វើឱ្យការផលិតអាវុធរបស់ សហរដ្ឋអាមេរិកស្ថិតនៅក្រោមសម្ពាធ ដែលនេះបានហុចឱកាសឱ្យជប៉ុន។ ព្រមពេលជាមួយគ្នា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់អឺរ៉ុប និងអាស៊ីកំពុងសម្លឹងរកការធ្វើពិពិធកម្ម ប្រភពផ្គត់ផ្គង់អាវុធ ក្នុងគ្រាដែលពួកគេកំពុងសង្ស័យរឹតតែខ្លាំងលើការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅក្រោមអាណត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

ក្រុមមន្ត្រីជប៉ុនបានប្រាប់ Reuters ថាបណ្ដាប្រទេសមួយចំនួនមានចាប់ពីប៉ូឡូញ រហូតដល់ហ្វីលីពីន បានងាកទៅរកការទិញសព្វាវុធពីអ្នកផ្គត់ផ្គង់ផ្សេងក្រៅពីសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងជប៉ុន។ តាមក្រុមមន្ត្រីជប៉ុន កិច្ចព្រមព្រៀងលក់អាវុធដំបូងរបស់ជប៉ុនអាចជាការនាំចេញនាវាចម្បាំងមួយតឹកទៅឱ្យហ្វីលីពីន។

គួរបញ្ជាក់ថា នៅក្រោមការធ្វើកំណែទម្រង់ខាងលើ ជប៉ុននឹងបន្តអនុវត្តតាមគោលការណ៍ចំនួន៣ របស់ខ្លួនពាក់ព័ន្ធនឹងការនាំចេញអាវុធ ក្នុងនោះរួមមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការគ្រប់គ្រងលើការនាំចេញអាវុធទៅកាន់ប្រទេសទី៣ និងបម្រាមលក់អាវុធឱ្យប្រទេសកំពុងមានសង្រ្គាម។ ប៉ុន្តែរដ្ឋាភិបាលជប៉ុនក៏បានបញ្ជាក់ដែរថាអាចនឹងមានករណីលើកលែង ប្រសិនបើការលក់អាវុធណាមួយត្រូវបានចាត់ទុកថាមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់ជប៉ុន៕