លោក ស៊ី ជីនពីង អំពាវនាវឱ្យបើកចំហច្រកសមុទ្រ Hormuz ក្នុងកិច្ចសន្ទនាជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីត (Video inside)
21-04-2026 09:51
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានអំពាវនាវឱ្យការធ្វើដំណើររបស់កប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz គួរតែត្រូវបានគាំពារ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ ជាមួយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន ខណៈទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីជួយបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក ស៊ី ជីនពីងក៏បានជំរុញឱ្យមានបទឈប់បាញ់ភ្លាមៗ និងពេញលេញ ហើយទទូចថាការដោះស្រាយជម្លោះក្នុងតំបន់មជ្ឈិមបូព៌ាគួរតែធ្វើឡើងតាមរយៈនយោបាយ និងបណ្ដាញការទូត។ តាម Xinhua លោក ស៊ី ជីនពីងបានប្រាប់ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដូច្នេះថា «ច្រកសមុទ្រ Hormuz គួរតែត្រូវបានបើកចំហសម្រាប់ការធ្វើដំណើរជាប្រក្រតី ពីព្រោះវាផ្ដល់ផលប្រយោជន៍រួមដល់បណ្ដាប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ»។
គួរបញ្ជាក់ថា ការព្រួយបារម្ភកំពុងកើនឡើងចំពោះបទឈប់បាញ់រវាងសហរដ្ឋអាមេរិក អ៉ីរ៉ង់ បន្ទាប់ពីយោធាអាមេរិកបានរឹបអូសកប៉ាល់អ៉ីរ៉ង់មួយគ្រឿង។ ក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទបានបង្ហាញការព្រួយបារម្ភចំពោះការឃាត់ទុកកប៉ាល់អ៉ីរ៉ង់ទាំងបង្ខំដោយយោធាអាមេរិក ខណៈជំរុញឱ្យភាគីទាំងសងខាងគោរពអនុវត្តតាមបទឈប់បាញ់៕







