នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi ផ្ញើសារគោរពទៅកាន់ព្រះវិហារ Yasukuni (Video inside)
21-04-2026 10:18
(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ បានផ្ញើសារគោរពទៅកាន់ព្រះវិហារ Yasukuni ដើម្បីឧទិ្ទសដល់វិញ្ញាណក្ខន្ធទាហាន និងមេដឹកនាំជប៉ុនស្លាប់ក្នុងសង្រ្គាមលោកលើកទី២ ខណៈការធ្វើបែបនេះតែងតែបង្កការខឹងសម្បារដល់ប្រទេសជិតខាងដូចជាចិន និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ព្រះវិហារ Yasukuni ស្ថិតក្នុងទីក្រុងតូក្យូគឺជាទីសក្ការៈសម្រាប់ឧទ្ទិសដល់វិញ្ញាណក្ខន្ធទាហាន និងមេដឹកនាំជប៉ុនដែលបានពលីជីវិតដើម្បីជាតិក្នុងសម័យសង្រ្គាមលោកលើកទី២។ ប៉ុន្តែសម្រាប់ចិន និងកូរ៉េខាងត្បូង មេដឹកនាំ និងទាហានជប៉ុនទាំងនោះគឺជាឧក្រិដ្ឋជនសង្រ្គាមដែលបានឈ្លានពាន និងធ្វើបានប្រជាជាតិរបស់ពួកគេអំឡុងសម័យសង្រ្គាម។ ដូច្នេះហើយ ទើបកូរ៉េខាងត្បូង ជាពិសេសចិនតែងតែសម្ដែងការខឹងសម្បារប្រឆាំងជំទាស់ទៅនឹងការផ្ញើសារគោរព ឬការធ្វើដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជប៉ុនទៅកាន់ព្រះវិហារ Yasukuni។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣មក មិនដែលធ្លាប់មាននាយករដ្ឋមន្ត្រីជប៉ុនណាម្នាក់ធ្វើទស្សនកិច្ចដោយផ្ទាល់ទៅកាន់ព្រះវិហារ Yasukuni នោះទេ។ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីជប៉ុន ដូចជាលោក Shigeru Ishiba និងលោក Fumio Kishida តែងតែផ្ញើសារគោរពទៅកាន់ព្រះវិហារនេះអំឡុងមានពិធីបុណ្យ និងនៅខែសីហា សម្រាប់ខួបដែលព្រះចៅអធិរាជជប៉ុន ប្រកាសពីការចុះចាញ់របស់ជប៉ុនក្នុងសង្រ្គាមលោកលើកទី២។
កាលពីឆ្នាំ២០១៣ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានធ្វើទស្សនកិច្ចទៅកាន់ព្រះវិហារ Yasukuni ដែលការណ៍នេះបានធ្វើឱ្យចិន និងកូរ៉េខាងត្បូង ខឹងសម្បារជាខ្លាំង ព្រមទាំងជំរុញឱ្យមានការរិះគន់ខាងការទូតដ៏កម្រពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ជប៉ុនផងដែរ៕






