នាយក FBI ដាក់ពាក្យបណ្ដឹងទារសំណងជំងឺចិត្ត ២៥០លានដុល្លារ ពីទស្សនាវដ្ដីអាមេរិក Atlantic ជុំវិញអត្ថបទផឹកស្រាហួសកម្រិត (Video inside)
21-04-2026 10:56
(Reuters)៖ នាយកប៉ូលិសសហព័ន្ធអាមេរិក FBI លោក Kash Patel បានដាក់ពាក្យបណ្ដឹងបរិហារកេរ្តិ៍ប្រឆាំងនឹងទស្សនាវដ្ដីអាមេរិក Atlantic និងអ្នករាយការណ៍របស់កាសែតនេះ គឺលោកស្រី Sarah Fitzpatrick ជុំវិញការចេញផ្សាយអត្ថបទមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុនដោយចោទនាយក FBI ថាចូលចិត្តផឹកស្រាហួសកម្រិតធ្វើឱ្យប៉ះពាល់ដល់ការងារដែលនេះអាចជាការគំរាមកំហែងមួយដល់សន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងអត្ថបទមួយមានចំណងជើងជាភាសាអង់គ្លេសថា «Kash Patel's Erratic Behavior Could Cost Him His Job» ទស្សនាវដ្ដីអាមេរិក Atlantic លើកឡើងពី ការព្រួយបារម្ភរបស់ក្រុមមន្ត្រីអាមេរិកជាច្រើននាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះចំពោះបញ្ហាស្រវឹងស្រារបស់លោក Patel និងការអវត្តមានដោយមិនមានការពន្យល់ពីហេតុផលដែលកំពុងបង្កការព្រួយបារម្ភដល់ក្រុមមន្ត្រីក្នុងស្ថាប័នប៉ូលិស FBI និងក្នុងក្រសួងយុត្តិធម៌អាមេរិកផងដែរ។ ក៏ប៉ុន្តែ សេតវិមាន ក្រសួងយុត្តិធម៌អាមេរិក រួមទាំងលោក Patel ផ្ទាល់បានច្រានចោលការចុះផ្សាយរបស់ Atlantic ដោយចោទថាជារឿងមិនពិត។
«ការចុះផ្សាយរបស់ Atlantic គឺជាការកុហកបោកប្រាស។ ពួកគេទទួលបានព័ត៌មានពិតរួចទៅហើយ មុននឹងពួកគេចុះផ្សាយព័ត៌មាន ប៉ុន្តែពួកគេបានជ្រើសរើសយកការផ្សាយព័ត៌មានមិនពិតទៅវិញ»។ នេះជាការលើកឡើងរបស់នាយក FBI នៅក្នុងបទសម្ភាសន៍ជាមួយ Reuters។
គួរបញ្ជាក់ថា នៅក្នុងពាក្យបណ្ដឹងបរិហារកេរ្តិ៍ដាក់ជូនតុលាការអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Kash Patel បានទាមទារសំណងជំងឺចិត្ត ២៥០លានដុល្លារពីទស្សនាវដ្ដីអាមេរិក Atlantic។ ក៏ប៉ុន្តែ ក្នុងសេចក្ដីថ្លែងការណ៍មួយ Atlantic នៅតែប្រកាន់ជំហរការពារសេចក្ដីរាយការណ៍របស់ខ្លួន ហើយថានឹងការពារអ្នកយកព័ត៌មានរបស់ខ្លួនប្រឆាំងនឹងពាក្យបណ្ដឹង ដែលទស្សនាវដ្ដីអាមេរិកនេះចាត់ទុកថាជាបណ្ដឹងមិនសមហេតុផល៕




