រដ្ឋមន្រ្តីមហាផ្ទៃរុស្ស៉ី ទៅកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនានា (Video inside)

21-04-2026 11:23

(ព្យុងយ៉ាង)៖ រដ្ឋមន្រ្តីមហាផ្ទៃរុស្ស៉ី លោក Vladimir Kolokoltsev បានទៅដល់ប្រទេសកូរ៉េខាងជើង សម្រាប់ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦។

តាមបណ្តាញតេឡេក្រាម អ្នកនាំពាក្យក្រសួងមហាផ្ទៃរុស្ស៉ី លោកស្រី Irina Volk បានសរសេរថា «កិច្ចសហប្រតិបត្តិការក្នុងវិស័យអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងត្រូវលើកយកមកពិចារណា» ដោយភ្ជាប់ជាមួយរូបភាពរដ្ឋមន្រ្តី Vladimir Kolokoltsev ស្ថិតក្នុងទីក្រុងព្យុងយ៉ាង។

រុស្ស៉ី និងកូរ៉េខាងជើង បានខិតទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធ ចាប់តាំងពីទីក្រុងមូស្គូចូលឈ្លានពានអ៊ុយក្រែន នាឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៤ បានចុះសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ អំឡុងទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងរបស់ លោក ពូទីន។ សន្ធិសញ្ញានេះក៏រួមបញ្ចូលផងដែរ នូវការផ្តល់ការការពារគ្នាទៅវិញទៅមក៕