កិច្ចចរចាសន្តិភាពស្ថិតក្នុងភាពស្រពេចស្រពិល ខណៈបទឈប់បាញ់អ៉ីរ៉ង់-អាមេរិក ជិតផុតកំណត់ (Video inside)

21-04-2026 13:22

(តេហេរ៉ង់)៖ កាលពីថ្ងៃចន្ទ ទី២០ ខែមេសា មន្រ្តីអ៉ីរ៉ង់បានឱ្យដឹងថា ទីក្រុងតេហរ៉ង់កំពុង​ពិចារណាដោយភាពវិជ្ជមាន លើការចូលរួមសាជាថ្មី ក្នុងកិច្ចចរចាស្វែងរកសន្តិភាពជាមួយសហរដ្ឋអាមេរិក ប៉ុន្តែពុំទាន់មានការសម្រេចចិត្តចុងក្រោយនៅឡើយទេ ខណៈបទឈប់បាញ់ដែលមានរយៈពេល២សប្តាហ៍ នឹងផុតកំណត់ឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃចន្ទ ប្រភពដាច់ដោយឡែក ក៏បានប្រាប់ Reuters ដែរថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បន្តស្ថិតនៅ​សហរដ្ឋអាមេរិក ដោយបដិសេធសេចក្តីរាយការណ៍ដែលថា រូបលោកបានចេញដំណើរឆ្ពោះទៅប៉ាគីស្ថាន ដើម្បីចូលរួមកិច្ចចរចា។ ប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួល បាននិងកំពុងព្យាយាមបង្កើនកិច្ចប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលឱ្យ អាមេរិកបញ្ចប់ការបិទខ្ទប់​កំពង់ផែរបស់អ៉ីរ៉ង់ ដែលជាឧបសគ្គចម្បងរារាំងមិនឱ្យទីក្រុងតេហេរ៉ង់ ចូលរួមឡើងវិញក្នុងកិច្ចប្រឹងប្រែងសន្តិភាព។ បទឈប់បាញ់ដ៏ផុយស្រួយ បានស្ថិតក្រោមហានិភ័យកាន់តែខ្លាំង បន្ទាប់ពីយោធាអាមេរិក បានរឹបអូសកប៉ាល់ដឹកទំនិញអ៉ីរ៉ង់១គ្រឿង ដែលព្យាយាមបំពាន​ការបិទខ្ទប់ ហើយទីក្រុងតេហេរ៉ង់បានប្តេជ្ញាសងសឹក។

បទឈប់បាញ់រយៈពេល២សប្តាហ៍ ត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៧ ខែមេសា ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ ពីពេលវេលាដែលវានឹងផុតកំណត់ទៅវិញនោះទេ។ តែបើតាមប្រភពពីខាងប៉ាគីស្ថាន បទឈប់បាញ់នោះ នឹងផុតសុពលភាពនៅម៉ោង៨យប់ថ្ងៃអង្គារ ទី២១ ខែមេសា ម៉ោងនៅអាមេរិក ឬស្មើនឹងម៉ោង៣៖៣០រំលងអធ្រាត្រថ្ងៃពុធ ទី២២ ខែមេសា ម៉ោងនៅអ៉ីរ៉ង់។

គួរបញ្ជាក់ថា ទោះបីមិនទាន់ច្បាស់ថា កិច្ចចរចាអាមេរិក-អ៉ីរ៉ង់នឹងកើតមានឡើងក៏ដោយក្តី ប៉ាគីស្ថានបានត្រៀមរៀបចំដើម្បីធ្វើជា​ម្ចាស់ផ្ទះម្តងទៀត ដោយកងកម្លាំងសន្តិសុខជិត២០ ០០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងរដ្ឋធានីអ៉ីស្លាម៉ាបាដ។ មនុស្សសរុប​រាប់ពាន់នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់ និងការឈ្លានពានរបស់អ៉ីស្រាអែលលើលីបង់ ក្នុងពេលទន្ទឹមគ្នា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្កៈ។ កាលពីប៉ុន្មានថ្ងៃដំបូង ក្រោយប្រកាសបទឈប់បាញ់ មន្រ្តីអាមេរិកនិងអ៉ីរ៉ង់ ធ្លាប់បានជួបចរចាគ្នាម្តង នៅទីក្រុងអ៉ីស្លាម៉ាបាដ ប៉ុន្តែមិនទទួលបានលទ្ធផល៕