អាមេរិករឹតត្បិតការចែករំលែកព័ត៌មានសម្ងាត់ស្តីពីកូរ៉េខាងជើង ជុំវិញអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីកូរ៉េខាងត្បូង (Video inside)

21-04-2026 14:42

(សេអ៊ូល)៖ នាថ្ងៃអង្គារ ទី២១ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង បានរាយការណ៍ថា សហរដ្ឋអាមេរិក បានរឹតត្បិតខ្លះៗ​នូវការចែករំលែកព័ត៌មានសម្ងាត់ចាប់យកពីផ្កាយរណបស្តីពីកូរ៉េខាងជើង ជាមួយប្រទេសកូរ៉េខាងត្បូង ដោយសារការអត្ថាធិប្បាយនាពេលថ្មីៗកន្លងទៅនេះ របស់រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តរកូរ៉េរបស់ទីក្រុងសេអ៊ូល ពាក់ព័ន្ធទីតាំងមូលដ្ឋាននុយក្លេអ៊ែរ ១កន្លែងរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីខែមីនា លោករដ្ឋមន្រ្តី Chung Dong-young បានប្រាប់សភាកូរ៉េខាងត្បូងថា កូរ៉េខាងជើងត្រូវបានសង្ស័យថា ធ្វើប្រតិបត្តិការទីតាំងមួយកន្លែង សម្រាប់ការចម្រាញ់អ៊ុយរ៉ាញ៉ូម ដែលជាជំហានគន្លឹះឆ្ពោះទៅបង្កើតគ្រាប់បែកនុយក្លេអ៊ែរ នៅតំបន់ Kusong ភាគពាយព្យប្រទេស។ យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដទៃទៀត ទីក្រុងវ៉ាស៉ីនតោន បានបង្ហាញការមិនពេញចិត្តជុំវិញការអត្ថាធិប្បាយនោះ ដោយនិយាយថា វាជាការទម្លាយព័ត៌មានសម្ងាត់ដែល​បានមកពីចារកម្មអាមេរិក ដោយពុំមានការអនុញ្ញាត។

ដោយសារតែហេតុនេះ ទីក្រុងវ៉ាស៉ីនតោន បានសម្រេចរឹតត្បិតខ្លះៗលើការចែករំលែកទិន្នន័យផ្កាយរណបស្តីពីកូរ៉េខាងជើង ដែលពីមុនមក ត្រូវបានផ្ទេរឱ្យទីក្រុងសេអ៊ូលជាប្រចាំ។ ប្រភពពីមន្រ្តីយោធាកូរ៉េខាងត្បូង បានអះអាងថា ការរឹតត្បិតនោះ ត្រូវបានអនុវត្តចាប់តាំងពីដើមខែនេះ ប៉ុន្តែវាមិនប៉ះពាល់ខ្លាំងចំពោះសមត្ថភាពត្រៀមលក្ខណៈរបស់យោធាទេ។

គួរបញ្ជាក់ថា កូរ៉េខាងជើង ត្រូវគេដឹងច្បាស់ថា ធ្វើប្រតិបត្តិការមូលដ្ឋានសម្រាប់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅតំបន់ Yongbyon ភាគខាងជើង និងនៅ Kangson ក្បែររដ្ឋធានីព្យុងយ៉ាង។ លោក Chung បានរងការរិះគន់ពីបក្សប្រឆាំង ជុំវិញការអត្ថាធិប្បាយ​ខាងលើ ហើយក្រោយមក លោកបានចេញមុខសម្តែងការសោកស្តាយ ប៉ុន្តែប្រធានាធិបតីលោក Lee Jae Myung បានការពារលោក Chung ដោយនិយាយថា វត្តមានមូលដ្ឋាននុយក្លេអ៊ែរ Kusong គឺត្រូវបានគេដឹងជាសាធារណៈយ៉ាងទូលំទូលាយរួចទៅហើយ តាមរយៈរបាយការណ៍វិភាគ និងសេចក្តីរាយការណ៍ព័ត៌មាន៕