កង្វះថាមពលអគ្គិសនីដោយសារវិបត្តិប្រេង នាំឱ្យបង់ក្លាដែស ប្រឈមហានិភ័យនៃការដាច់សេវាទូរស័ព្ទ ទូទាំងប្រទេស (Video inside)
21-04-2026 15:15
(ដាក្កា)៖ បង់ក្លាដែស អាចប្រឈមនឹងការដាច់សេវាទូរស័ព្ទយ៉ាងទូលំទូលាយ ប្រសិនបើគ្មានដំណោះស្រាយ ជុំវិញបញ្ហាថាមពលដែលកំពុងខ្វះខាត ដោយសារមិនមានប្រេងឥន្ធនៈគ្រប់គ្រាន់ សម្រាប់ការផលិតអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦។
ប្រទេសអាស៉ីខាងត្បូងមានប្រជាជន ១៧០លាននាក់នេះ បាននាំចូលប្រេង និងឧស្ម័នចំនួន ៩៥ភាគរយ ដែលភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា ហើយកំពុងជួបការខ្វះខាតខ្លាំង ដោយសារតែមិនអាចនាំចូលបាន។ សមាគមប្រតិបត្តិករទូរគមនាគមន៍ចល័តនៃប្រទេសបង់ក្លាដែស (AMTOB) បានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រតិបត្តិការនៃបណ្តាញទូរគមនាគមន៍ មិនអាចបន្តដំណើរការទេ ប្រសិនបើគ្មានថាមពលអគ្គិសនី។
AMTOB បញ្ជាក់ថា ប្រតិបត្តិករសេវាទូរស័ព្ទចល័ត (MNOs) កំពុងជួបនឹងបញ្ហាធ្ងន់ធ្ងរ ដោយសារតែការដាច់ភ្លើងរយៈពេលយូរ និងកង្វះខាតប្រេង ហើយបើលក្ខខណ្ឌនេះនៅតែបន្ត ការបិទបណ្តាញទ្រង់ទ្រាយធំ នៅទូទាំងតំបន់សំខាន់ៗនៃប្រទេស នឹងមកដល់។ មជ្ឈមណ្ឌលផ្ទុកទិន្នន័យ ប្រើប្រាស់ប្រេងម៉ាស៊ូតប្រហែល ៥០០លីត្រទៅ ៦០០លីត្រក្នុងមួយម៉ោង ដែលស្មើនឹងជិត ៤ ០០០លីត្រក្នុងមួយថ្ងៃ ក្នុងមួយកន្លែង ហើយដែលស្ថានីយប្រេងឥន្ធនៈក្នុងតំបន់ មិនអាចបំពេញតម្រូវការបាន៕







