ទំនើបកម្មបែបចិន ជាគំរូសម្រាប់ជំរុញការរួមរស់ប្រកបដោយសុខដុមរមនារបស់មនុស្សជាតិ​ និងធម្មជាតិ

21-04-2026 17:49

(ប៉េកាំង)៖ ការរីកចម្រើននៃឧស្សាហកម្មបានធ្វើឱ្យមានផលប៉ះពាល់លើធម្មជាតិ និង បរិស្ថានសម្រាប់ការរស់រានមានជីវិត ដែលត្រូវបានបំផ្លាញស្ទើរតែគ្រប់ទីកន្លែងនៅលើសាកលលោក។ យុទ្ធសាស្រ្តកែលម្អតាមបែបចិនបានផ្តល់នូវចម្លើយយ៉ាងសំខាន់ ដែលបង្ហាញថា មនុស្សនិងធម្មជាតិគឺជាដៃគូដ៏រឹងមាំមួយ ប្រកបដោយសន្តិសហវិជ្ជមាន។ គំនិត "ទំនើបកម្មបែបចិន" មិនមែនគ្រាន់តែជាពាក្យស្លោកនយោបាយនោះទេ។ វាជាចក្ខុវិស័យដ៏ទូលំទូលាយ ដែលដឹកនាំប្រជាជនជាង១,៤ ពាន់លាននាក់ ឆ្ពោះទៅរកសុខុមាលភាព ភាពថ្កុំថ្កើង និងភាពសុខដុមរមនាសង្គម ដោយចាកឆ្ងាយពីការបំផ្លាញប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។

ចំណុចសំខាន់នៃទស្សនវិជ្ជានេះ គឺស្ថិតនៅគំនិត "សហគមន៍ជីវិតរវាងមនុស្សជាតិ និងធម្មជាតិ" ដែលគំនិតសម្រាប់ លើកកម្ពស់តុល្យភាពអេកូឡូស៊ី ជាពិសេសទស្សនៈ «ទឹកថ្លា ភ្នំបៃតង»។ ប្រយោគដ៏ល្បីល្បាញនេះ ដែលត្រូវបាន លោកប្រធានាធិបតីចិន ស៊ី ជីនពីង ថ្លែងលើកដំបូងនៅក្នុងខេត្តចេជាំង ដែលរំលេចចេញពីទស្សនវិជ្ជាសម្រាប់ជាគំរូ នៃទំនើបកម្មបែបបៃតងរបស់ចិន។ ទស្សនវិជ្ចានេះបដិសេធនូវការលើកឡើងថា ការរីកចម្រើនសេដ្ឋកិច្ច នឹងធ្វើឱ្យមានការបំផ្លិចបំផ្លាញបរិស្ថាន ដោយបញ្ជាក់ថា ធម្មជាតិ មិនមែនជាឧបសគ្គដល់ភាពរីកចម្រើនទេ ប៉ុន្តែជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទៅវិញ។

គំនិតនេះ មិនមែនត្រឹមតែជាទស្សនវិជ្ជាទេ វាជាគោលនយោបាយសម្រាប់ប្រតិបត្តិរបស់ប្រទេសចិនដែលជាគោលគំនិតនៃ ភាពស៊ីវិល័យនៃអេកូឡូស៊ី ដែលជាគំរូនៃវិស័យឧស្សាហកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិជាវត្ថុធាតុដើម ហើយចាត់ទុកធម្មជាតិជាដៃគូរស់រវើក សម្រាប់វិបុលភាពមនុស្សជាតិ សម្រាប់រយៈពេលវែង។ ជាក់ស្តែងប្រទេសចិនបានប្រែក្លាយ ៧៧% ជាថាមពលកកើតឡើងវិញ ហើយជាង៤,៥ពាន់លានដើមត្រូវបានដាំឡើងវិញក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំមក​​ និង បានប្រែក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ខាងផលិតបន្ទះសូឡា ថាមពលខ្យល់ និង យានអគ្គិសនី ព្រមទាំងប្រែក្លាយជាប្រទេសដែលប្រើប្រាស់ថាមពលចម្រុះក្រៅពីឥន្ធនៈហ្វូស៊ីលរហូតដល់ ២៥% ក្នុងឆ្នាំ២០៣០។

លើសពីនេះទៀត ចិនក៏បានច្នៃបង្កើតឧបករណ៍ថ្មីៗដូចជា ទីផ្សារជួញដូរកាបូនក្នុងឆ្នាំ២០២១ ដែលជាផែនការទ្រង់ទ្រាយធំបំផុត លើពិភពលោក ដែលជាយន្តមួយសម្រាប់សងត្រឡប់ទៅធម្មជាតិវិញ ដែលជាមូលដ្ឋានសំខាន់សម្រាប់ហិរញ្ញវត្ថុបៃតង ក្នុងការគាំទ្រដល់ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ទាប។ យុទ្ធសាស្ត្រ‍ចិនបញ្ជាក់ថាការការពារបរិស្ថាន និងអភិវឌ្ឍសេដ្ឋកិច្ច មិនមែនជាការប្រឆាំងគ្នាទេ ប៉ុន្តែជាគោលបំណងដែលពឹងពាក់គ្នាទៅវិញទៅមក។

ចំណែកឯកម្ពុជាវិញ ដែលកំពុងស្ថិតនៅលើមូលដ្ឋាននៃការលូតលាស់ផ្នែកសេដ្ឋកិច្ច និង ប្រាក់ចំណូល កំពុងយកចិត្តទុកដាក់a លើការថែរក្សាបរិស្ថាននិងប្រព័ន្ធអេកូលូស៊ី។ គំរូនៃការអភិវឌ្ឍតាមបែបចិន ជាទស្សនវិស័យគំរូផង និង ឧទាហរណ៍ជាក់ស្តែង ផងសម្រាប់កម្ពុជា។ កម្ពុជាក៏អាចសម្លឹងមើលបទពិសោធន៍នៃការអភិវឌ្ឍជនបទរបស់ចិន ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ធនធានធម្មជាតិ ត្រូវតែជាកាតព្វកិច្ច​សម្រាប់ការការពារជារចនាសម្ព័ន្ធច្បាស់លាស់។ ជាមួយគ្នានេះដែរ ក្រោមរូបភាព នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ កម្ពុជាក៏អាចចាប់យកឱកាសនេះ ក្នុងការអភិវឌ្ឍថាមពលរបស់ខ្លួនដោយប្រើប្រាស់ថាមពល កកើតឡើងវិញ និង ថាមពលវារីអគ្គិសនី ការអភិវឌ្ឍកសិកម្មវៃឆ្លាតទំនើប ការគ្រប់គ្រងធនធាន ព្រៃឈើ ទឹកទន្លេ ព្រមទាំងទេសចរណ៍បៃតង។ ចិននិងកម្ពុជា នឹងក្លាយជាដៃគូសម្រាប់គម្រោងខ្សែក្រវាត់និងផ្លូវបៃតង ក្នុងការផ្តល់អាទិភាពដល់ ប្រភពថាមពលដែលមិនបំផ្លាញដល់សុខមាលភាពនិងការរស់នៅរបស់ប្រជាជន ការអភិវឌ្ឍ និង កសិកម្មប្រកបដោយចីរភាព ​អេកូទេសចរណ៍ និង ថាមពលកកើតឡើងវិញ។ ទាំងនេះមិនមែនជាគំរូសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ ប្រទេសខាងត្បូងទៀតផង។

ដូច្នេះ ដំណើរដ៏វែងឆ្ងាយសម្រាប់សុខដុមរមនា ឆ្ពោះទៅរកសន្តិសហវិជ្ជមានរវាងមនុស្សជាតិ និង ធម្មជាតិ មិនមែនជា ដំណើររបស់ប្រទេសមួយនោះទេ តែវាជាតម្រូវការរបស់ប្រទេសទាំងអស់លើសាកលលោក ដែលក្នុងនោះ ប្រទេសចិនជាគំរូ ក្នុងការបង្កើតទស្សនវិជ្ជាដឹកនាំនិងការពារបរិស្ថាន ធនធានធម្មជាតិ ឈានទៅរកការពារជីវិតរស់នៅរបស់មនុស្សជាតិ ឱ្យប្រកបដោយវិបុលភាព និងសុភមង្គល៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​សភា​កម្ពុជា